
លោក Roberto Mancini សុខចិត្តកាត់ប្រាក់ខែពាក់កណ្តាលដើម្បីមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី
លោក Roberto Mancini នៅថ្ងៃអង្គារទី១៥ខែឧសភាឆ្នាំ២០១៨នេះ ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីនៃក្រុមជម្រើសជាតិអ៊ីតាលី ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ២០២០។ លោក Mancini ដែលទើបចេញពីក្លិបរុស្ស៊ី Zenit St Petersburg បានជួបសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីនៅថ្ងៃចន្ទម្សិលមិញដើម្បីបង្ហើយលក្ខខណ្ឌក្នុងកិច្ចសន្យា។
បុរសជនជាតិអ៊ីតាលីរូបនេះសុខចិត្តបន្ទាបប្រាក់ខែដើម្បីបានក្លាយជាគ្រូបង្គោលថ្មីអ៊ីតាលី ពោលគឺលោកបានចោលបៀវត្សរ៍ប្រមាណ១៣លានអឺរ៉ូនៅ Zenit ទីដែលលោកទើបបម្រើការងារបាន១ឆ្នាំប៉ុណ្ណោះក្នុងកិច្ចសន្យា៣ឆ្នាំ។
គ្រូវ័យ៥៣ឆ្នាំដដែល នឹងជួបក្រុមកីឡាករនៅថ្ងៃទី២២ខែឧសភានៅទីលានហ្វឹកហាត់ Coverciano ដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃទី២៨ បន្ទាប់មកសាកជើងជាមួយ បារាំង នៅថ្ងៃទី១ខែមិថុនា និងជាមួយ ហុល្លង់ នៅ៣ថ្ងៃបន្ទាប់។