លោក បែ មករា ប្រាប់មូលហេតុ សៀង ចន្ធា ចេញពីក្លិបនៅកាតារ
លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេតបានបញ្ជាក់ពីមូលហេតុ សៀង ចន្ធា ចាកចេញពីក្លិប Al Shahaniya នៃលីគ២កាតារ ថា ៖ «ចន្ធា បានទៅចូលរួមក្លឹប Al Shahaniya ក្រោមលក្ខខណ្ឌខ្ចីពីបឹងកេត មានន័យថាបឹងកេតនៅតែជាក្លឹបដើមពេញសិទ្ធិរបស់ ចន្ធា។ ចំពោះការលេងរបស់ ចន្ធា នៅកាតារ គឺមិនមានអ្វីជាបញ្ហាទេ គាត់ក៏បានលេងរឿយៗ និងជួយរកគ្រាប់បាល់សម្រាប់ក្រុមបានផងដែរ។ ប៉ុន្តែគាត់ពិបាកសម្របខ្លួនក្នុងការរស់នៅទីនោះ ដោយសារកត្តាអាកាសធាតុ ចំណីអាហារ ជាដើម ដូច្នេះគាត់បានសុំបឹងកេតដើម្បីឱ្យយកគាត់ត្រឡប់មកកម្ពុជាវិញតាំងពីពេលចប់ជុំទី១ម្ល៉េះ តែថ្នាក់ដឹកនាំក្លឹបបឹងកេត ជាពិសេសអ្នកស្រី ពុធ ធីតា ជំរុញនិងលើកទឹកចិត្ត ចន្ធា ឱ្យព្យាយាមជម្នះការលំបាកនៅទីនោះនៅក្នុងការចេញទៅប្រកបអាជីពក្រៅប្រទេសជាលើកដំបូងនៃឆាកជីវិតគាត់។ ចន្ធា ក៏បានបន្តព្យាយាមនៅកាតារ។ ទោះបីយ៉ាងណា ឥឡូវនេះ បឹងកេត និង Al Shahaniya បានព្រមព្រៀងគ្នាទៅវិញទៅមក និងបាននាំយក (Recall) ចន្ធា ត្រឡប់មកកម្ពុជាវិញ។ ចន្ធា នឹងចូលហាត់ឡើងវិញជាមួយមិត្តរួមក្រុមបឹងកេតឆាប់ៗនេះ»។
នេះគឺជាលើកទីមួយក្នុងឆាកជីវិតរបស់ សៀង ចន្ធា ដែលបានទៅប្រកបអាជីពនៅលីគក្រៅប្រទេសដោយបានទៅចូលរួមជាមួយក្លឹបបាល់ទាត់ Al Shahaniya នៅលីគប្រទេសកាតា កាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅក្រោមលក្ខខណ្ឌខ្ចីពីបឹងកេត។ មុនពេលចាកចេញពីសាលាបាល់ទាត់ជាតិបាទី កីឡាករមានដើមកំណើតមកពីខេត្តកោះកុងរូបនេះ ក្លាយជាកីឡាករបាល់ទាត់អាជីពជាលើកដំបូងដោយបាន ចុះកុងត្រាជាមួយក្លឹបបាល់ទាត់បឹងកេតកាលពីចុងឆ្នាំ២០១៩កន្លងទៅ ហើយរូបគេក៏បានរួមចំណែកជួយឱ្យក្លឹបបាល់ទាត់បឹងកេតឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នៅរដូវកាល២០២០ផងដែរ៕