តាមពិតទៅកីឡាករជប៉ុនមិនចង់ឱ្យដកឈ្មោះ Ito ចេញពី Asian Cup ទេ
ដូចបានដឹងហើយថា សហព័ន្ធកីឡាបាល់ទាត់ជប៉ុនបានសម្រេចចិត្តដកឈ្មោះ Junya Ito ចេញពីបញ្ជីជម្រើសជាតិសម្រាប់ការប្រកួត AFC Asian Cup 2023 នៅកាតារ បន្ទាប់ពីរងការចោទប្រកាន់ពីនារីម្នាក់ពាក់ព័ន្ធនឹងការរំលោភ។
លោក Kozo Tajima ប្រធានសហព័ន្ធ បញ្ជាក់ថា ការសម្រេចចិត្តបែបនេះ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយគ្រូបង្វឹក Hajime Moriyasu។ លោកថា មិត្តរួមក្រុមមិនចង់ឱ្យធ្វើបែបនេះទេ តែជាការសម្រេចចិត្តមួយ។ កីឡាករជាច្រើនចង់ឱ្យខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបន្តជួយក្រុមដើម្បីសម្រេចបំណងលើកពាន។
នារីវ័យ២០ឆ្នាំម្នាក់បានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិសខេត្តអូសាកា កាលពីចុងខែមុន ដោយចោទ Ito ថា បានចាប់រំលោភនាងពេលស្រវឹងបាត់បង់ស្មារតី កាលខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតមិត្តភាពឈ្នះប៉េរូ ខែមិថុនា ឆ្នាំ២០២៣។ Ito តបថា ជាការស្រុះស្រួលគ្នាទាំងសងខាង។
Junya Ito បានចូលលេងគ្រប់ប្រកួតក្នុងវគ្គចែកពូល AFC Asian Cup ២០២៣៕