ចិនបារម្ភរឿងហ្វីលីពីនយកកីឡាករកូនកាត់កាន់តែច្រើន
ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនបានបន្តយកកីឡាករកូនកាត់ថែមទៀតហើយដើម្បីត្រៀមចូលរួមវគ្គជម្រុះ FIFA World Cup 2022 ជាបន្ត។
ជាងមួយឆ្នាំហើយដែលក្រុមរួមតំបន់ជាមួយកម្ពជាមិនបានហ្វឹកហាត់រួមគ្នា។ យ៉ាងណា ពួកគេមិនទាន់អស់សង្ឃឹមក្នុងការឈានទៅវគ្គជម្រុះជុំទី៣ជាបន្តទេ។ ក្រុមលេខ១២៥ពិភពលោកត្រៀមនាំចូលកីឡាករកូនកាត់ម្នាក់ទៀតហើយ។
Gerri Holtmann មានកំណើតនៅអាល្លឺម៉ង់ មានឪពុកជាជនជាតិអាល្លឺម៉ង់ និងម្ដាយជាជនជាតិហ្វីលីពីន។ កីឡាករវ័យ២៦ឆ្នាំកំពុងលេងនៅក្លិប Bochum នៃលីគទី២អាល្លឺម៉ង់។ រដូវកាលនេះ គេលេងបាន២៣ប្រកួត រកបាន២គ្រាប់ និងបញ្ជូនបាន៤ដង (assists)។
អតីតកីឡាករ Mainz 05 ថ្លែងបែបនេះ “៖ខ្ញុំកំពុងស្នើសូមលិខិតឆ្លងដែនសម្រាប់អ្នកមានសញ្ជាតិ២ អ៊ីចឹងខ្ញុំអាចចូលរួមជាមួយហ្វីលីពីនអំឡុងខែ៨ ខែ៩ អីហ្នឹង។ គោលដៅរបស់ខ្ញុំ គឺជួយក្រុមមានកៅអីនៅជុំចុងក្រោយ World Cup។”
ប្រសិនបើ Holtmann លេងឲ្យហ្វីលីពីន គេនឹងចូលរួមជាមួយ John-Patrick Strauss និង Stephan Schrock ធ្វើឲ្យតំបន់បម្រើរបស់ក្រុមកាន់តែគួរឲ្យភ័យខ្លាច ។ Schrock ធ្លាប់ជាសមាជិកក្រុមយុវជនជម្រើសជាតិអាល្លឺម៉ង់ និងជាខ្សែបម្រើបង្គោលរបស់ហ្វីលីពីន។
ទាក់ទងទៅនឹងការជ្រើសរើសកូនកាត់មកកាន់តែច្រើនរបស់ហ្វីលីពីន ក្រុមជម្រើសជាតិចិនក៏មានការព្រួយបារម្ភខ្លះដែរ។
ក្នុងការប្រកួតជើងទីមួយនៃវគ្គជម្រុះ World Cup កាលខែតុលាឆ្នាំ ២០១៩ ក្រុមចិនបានជួបការលំបាកក្នុងនាមជាភ្ញៀវនៅសហ្វីលីពីន ដោយបានត្រឹមស្មើ០ទល់នឹង០។ យ៉ាងណា បើនិយាយពីក្រុមចិនវិញក៏មានកីឡាករចូលសញ្ជាតិដែរ ដូចជា Elksen (Ai Kesen) និង Alan ជាដើម ដែលពួកគេជាជនជាតិប្រេស៊ីល។
ឆ្លងកាត់ការប្រកួត៤លើកនៅពូល A ចិនមាន៧ពិន្ទុ ឈរលេខ២ ពីក្រោមស៊ីរី ដែលលេងបាន៥ប្រកួត ចំនួន៨ពិន្ទុ។ ចំណែកហ្វីលីពីន ដែលលេងបាន៥ប្រកួត មាន៧ពិន្ទុដូចចិនដែរ។
ក្រុមទាំង២នឹងត្រូវប៉ះគ្នាសាជាថ្មីនាទឹកដីចិន ថ្ងៃទី០៩ ខែមិថុនា៕