អតីតប្រធានសហព័ន្ធបាល់ទាត់ចិនសារភាពបានទទួលសំណូកជាង១១លានដុល្លារ
លោក Chen Xuyuan អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន បានប្រកាសទទួលកំហុស អំឡុងសវនាការលើមន្ត្រីសមាគមបាល់ទាត់ចិន (CFA) កាលពីថ្ងៃទី២៩ ខែមករា។
តុលាការចិនបានបើកសវនាការដំបូងលើលោក Chen Xuyuan ដែលត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាង ៨១ លានយន់ (ជាង 11 លានដុល្លារអាមេរិក) អំឡុងធ្វើការនៅ Shanghai SIPG និងសហព័ន្ធកីឡាបាល់ទាត់ចិន។
យោងតាម Titan Sport លោក Chen Xuyuan បានសារភាពកំហុសនៅក្នុងតុលាការ ហើយបានសម្តែងនូវវិប្បដិសារីចំពោះអ្វីដែលលោកបានធ្វើ។ បុរសវ័យ៦៨ឆ្នាំធ្លាប់ជាមនុស្សម្នាក់ដែលមានឥទ្ធិពលខ្លាំងលើបាល់ទាត់ចិន។លោក
បានកាន់តំណែងជាប្រធានក្លឹប Shanghai SIPG ដែលជាក្លឹបឈានមុខគេរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១០ ។ នៅឆ្នាំ ២០១៩ Chen Xuyuan បានក្លាយជាប្រធានសហព័ន្ធកីឡាបាល់ទាត់ចិន ។ នៅខែកញ្ញា ឆ្នាំ ២០២៣ លោក Chen Xuyuan ត្រូវបានចាប់ខ្លួន។
អតីតប្រធាន CFA បានដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តនាំយក Li Tie ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិចិន។ នៅក្នុងការផ្សាយឯកសារនៅលើទូរទស្សន៍ CCTV មុនពេលការប្រកួត Asian Cup 2023 ចាប់ផ្តើម លោក Li Tie បានសារភាពថាបានចំណាយប្រាក់ជិត ៤២១០០០ ដុល្លារអាមេរិក ដើម្បីអង្គុយជាគ្រូបង្គោល៕