
Man City សូមទោស Liverpool រឿងអ្នកគាំទ្រខ្លួនស្រែកឌឺដងពេលកំពុងរំឭករឿងសោកសៅមួយ
ក្លិបបាល់ទាត់ Manchester City បានផ្ញើសារសូមអភ័យទោសដល់ Liverpool បន្ទាប់ពីអ្នកគាំទ្រខ្លួនធ្វើសកម្មភាពឌឺដងដល់ក្រុមរហស្សនាមហង្សក្រហមអំឡុងឧទ្ទិសដល់ព្រឹត្តិការណ៍ Billsborough មុនកែបាល់ទាត់ប្រកួត FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី១៦ ខែមេសា។
សារព័ត៌មាន the Guardian រាយការណ៍ថា ថ្នាក់ដឹកនាំក្លិបក៏បានថ្កោលទោសលើទង្វើមិនសមរម្យដែលបង្កឡើងដោយអ្នកគាំទ្រជ្រុលនិយមមួយចំនួនដែរ។ ពេលកីឡាករ Liverpool កំពុងតែស្មឹងស្មាធ១នាទី ស្រាប់តែមានការស្រែកឌឺដង។ ឃើញបែបនេះអាជ្ញាកណ្ដាលក៏ព្យាយាមបញ្ចប់សកម្មភាពស្មឹងស្មាធឲ្យបានឆាប់។
Manchester City សរសេរ “៖ Man City ពិតជាខកចិត្តខ្លាំងចំពោះសកម្មភាពអ្នកគាំទ្រ មុនការប្រកួត។ យើងសូមទោសចំពោះបញ្ហាទាំងនេះ។”
ក្រោយចប់ការប្រកួត លោក Jurgen Klopp បានឆ្លើយតបថា បានទទួលការសូមទោសនេះហើយ។ លោកថា វាមិនពាក់ព័ន្ធនឹង Man City ទេ ដោយវាកើតឡើងពីបុគ្គលខ្លះដែលមិនយល់។
គួរដឹងដែរថា ហេតុការណ៍ Hillsborough ដែលជាការបាក់កន្លែងអង្គុយនេះកើតឡើងកាលថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៨៩ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup រវាង Liverpool និង Nottingham Forest ដែលបានផ្ដាច់ជីវិតអ្នកគាំទ្រហង្សក្រហម៩៦នាក់៕