វិសាខាចែកផ្លូវពីអតីតខ្សែប្រយុទ្ធក្លិប West Brom ហើយ
ក្លិបបាល់ទាត់វិសាខាបានប្រកាសចែកផ្លូវពីខ្សែប្រយុទ្ធ Marcus Haber ហើយនៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នេះក្រោយរួមរស់បានមួយរដូវកាល។
Haber ដែលធ្លាប់ជាប់ជម្រើសជាតិកាណាដាផងនោះ បានចូលរួមជាមួយវិសាខាក្នុងរដូវកាល២០២១នេះ។ កីឡាករវ័យ៣២ឆ្នាំរកបាន១៧គ្រាប់ពីការចូលលេង១៧ប្រកួត និង assist បាន៩ដង។ គេធ្លាប់លេងនៅ West Brom កាល១០ឆ្នាំមុន និងនៅក្លិបអង់គ្លេសផ្សេងទៀត ក៏ដូចជានៅស្កុតលេង, អាមេរិក និងកាណាដា។
ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំជាកីឡាករបរទេសវិសាខាទី២ហើយដែលបានចាកចេញពីកីឡដ្ឋានព្រីនស៍នាពេលថ្មីៗបន្ទាប់ពី Ajayi Opeyemi Okerede ដែលទំនងផ្លាស់ទៅក្រុមគូប្រជែងបឹងកេត។
Haber ក៏ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងផងដែរ។
គួរដឹងដែរថា វិសាខា ក្នុងនាមជាម្ចាស់ជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ២០២១ ត្រូវមានភារកិច្ចប្រកួតជម្រុះ AFC Cup 2022 តទល់ក្លិបឡាវ Young Elephants ក្នុងខែមេសា ខាងមុខ៕