ឥណ្ឌូនេស៊ីមិនហៅកីឡាករក្រៅស្រុកទៅលេងពាន AFF U23 នៅកម្ពុជាទេ
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២៣ឆ្នាំ នឹងមិនកោះហៅកីឡាករលេងនៅក្រៅស្រុកចូលរួមជួយក្រុមក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជាទេ។
គ្រូបង្គោល U23 ឥណ្ឌូនេស៊ី លោក Shin Tae-yong និយាយថា អ្វីសំខាន់នោះ គឺផ្ដល់ឱកាសដល់កីឡាករថ្មីៗ ក្មេងអាចបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។
“យើងនឹងព្យាយាមរក្សាកីឡាករស្នូលបច្ចុប្បន្ននេះសម្រាប់ការប្រកួតនៅកម្ពុជា។ ដូច្នេះយើងនឹងមិនហៅកីឡាករលេងនៅក្រៅស្រុកដូចជា Witan Sulaeman, Egy Maulana ឬ Asnawi Mangkualan។ យើងនឹងប្រកួតប្រជែងដើម្បីកិត្តិយសជាមួយនឹងកីឡាករថ្មីៗដែលយើងមាន។” នេះជាការលើកឡើងពីគ្រូបង្គោលជនជាតិកូរ៉េខាងត្បូង។
ជាមួយនឹងជោគជ័យលើការប្រើប្រាស់កីឡាករក្មេងៗដែលអាចឈានដល់វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2020 បានធ្វើឲ្យពួកគេកាន់តែមានទំនុកចិត្តក្នុងការឈានទៅការពារតំណែងជើងឯក AFF U23 Championship បន្ទាប់ពីបានឈ្នះកាលឆ្នាំ២០១៩ នៅកម្ពុជាដូចគ្នា។
ក្នុងព្រឹត្តិការណ៍នៅកម្ពុជា ឆ្នាំ២០២២នេះ ឥណ្ឌូនេស៊ី ស្ថិតក្នុងពូល B ជាមួយម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឡាវ៕