អាស៊ានប៉ារ៉ាហ្គេម២០២២នេះ កម្ពុជាបានមេដាយច្រើនជាងឆ្នាំមុនៗ
អត្តពលិកជនពិការកម្ពុជា បានសម្រេចគោលដៅមេដាយមាស លើសពីការរំពឹងទុក ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងប្រកួតមិនទាន់ចប់ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម អាស៊ានប៉ារ៉ាហ្គេម ។
ឯកឧត្តម យី វាសនា ធ្លាប់បានលើកឡើងដោយជឿជាក់ថា អត្តពលិកជនពិការ នឹងដណ្តើមបានមេដាយមាស៣គ្រឿង មេដាយប្រាក់១០គ្រឿង និងសំរឹទ្ធ១៥គ្រឿងឬអាចលើសក៏ថាបាន ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២។
ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ក្រុមអត្តពលិកជនពិការកម្ពុជាឈ្នះបានមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង ។ ដូច្នេះមានន័យថា កម្ពុជាសម្រេចគោលដៅមេដាយលើសពីការរំពឹងទុក ខណៈការប្រកួតនៅវិញ្ញាសាមានសក្តានុពលជាច្រើនទៀត ។ នាយបេសកកម្ម អាស៊ានប៉ារ៉ាហ្គេមរូបនេះ បន្តថា លទ្ធផលនេះ គឺជាកម្លាំងជម្រុញលើកទឹកចិត្ត ដល់អត្តពលិកជនពិការអោយខិតខំហ្វឹកហាត់កាន់តែខ្លាំង ដើម្បីត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា អោយទទួលបានជោគជ័យ ។
គួរដឹងដែរថា គិតត្រឹមម៉ោង ៦:០០ល្ងាចថ្ងៃទី០៤ ខែសីហានេះ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន២៤គ្រឿងហើយពីព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ ក្នុងនោះ មេដាយមាស៦, ប្រាក់៩ និងសំរិទ្ធ៩។ កាលឆ្នាំ២០០១ កម្ពុជាបាន៣គ្រឿង, ឆ្នាំ២០០៣ បាន៩គ្រឿង, ឆ្នាំ២០០៥ បាន៥គ្រឿង, ឆ្នាំ២០០៧ បាន១គ្រឿង, ឆ្នាំ២០០៩ បាន៧គ្រឿង, ឆ្នាំ២០១១ បាន៧គ្រឿង, ឆ្នាំ២០១៣ បាន៩គ្រឿង, ឆ្នាំ២០១៥ បាន ៩គ្រឿង និងឆ្នាំ២០១៧ បាន១០គ្រឿង៕