
ចប់ជើងទី១ពានសម្ដេចតេជោ ថ្នាក់ជាតិវគ្គ១៦ក្រុម មានតែក្រុមលីគ២មួយប៉ុណ្ណោះដែលឈ្នះ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ២០២២ បានបញ្ចប់ជើងទី១ សម្រាប់វគ្គ១៦ក្រុម ថ្នាក់ជាតិហើយ កាលថ្ងៃពុធ ទី០៣ ខែសីហា។
ក្នុងចំណោមការប្រកួតទាំង៨គូគិតទាំងសប្ដាហ៍មុន មានតែអគ្គិសនីកម្ពុជាមួយប៉ុណ្ណោះដែលជាក្រុមមកពី Cambodian League 2 អាចទទួលបានជ័យជម្នះ។ ក្រុមមានមូលដ្ឋាននៅសង្កាត់ទួលសង្កែ បានយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣ទល់នឹង២។
ក្នុងចំណោម៣គ្រាប់របស់អគ្គិសនី គឺរកបាន ឈួត ស៊ិនទៀង ២ គ្រាប់ និង ច្រឹង ច័ន្ធវីរៈ ១ គ្រាប់។ ចំណែក ២ គ្រាប់របស់ក្រុមភ្ញៀវរកបាន ហ៊ត ឈិនជិន និង លី មូស្លីម។
លទ្ធផលជើងទី១ ដូចគ្នាកាលពីម្សិលមិញ នគរបាលជាតិ ចាញ់ ភ្ញៀវកងយោធពលខេមរភូមិន្ទ ២-១, កោះកុងអែហ្វស៊ី ចាញ់ អង្គរថាយហ្គឺរ ២-១ ទោះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ទទួលកាតក្រហមម្នាក់ក៏ដោយ។ ចំណែក ភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះ ព្រៃវេង ដោយលទ្ធផល ១-០។
ទាំង ៤ ក្រុមខាងលើត្រូវជួបគ្នាជើងទី២ នៅថ្ងៃទី ១៧ ខែ សីហា ខាងមុខ។ ដោយឡែក ការប្រកួតជើងទី២ សម្រាប់ ៤ គូផ្សេងទៀតនឹងធ្វើឡើងនៅថ្ងៃទី ១០ សីហា រួមមាន ព្រះខ័នរាជស្វាយរៀង ទទួល សូលទីឡូអង្គរ, វិសាខា ជួប សៀមរាបអែហ្វស៊ី, ណាហ្គាវើលដ៍ ជួប អាស៊ីអឺរ៉ុបយូណាយធីត និង បឹងកេត ទទួលភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ៕