បាល់ទាត់ស៊ីហ្គេមឆ្នាំនេះ ក្រុមនីមួយៗអាចដាក់កីឡាករលើសអាយុបាន៣នាក់
បើតាមការឲ្យដឹងពីលោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងកម្មវិធីមួយថា ការប្រកួតវិញ្ញាសាបាល់ទាត់បុរសប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ២០២២ នៅវៀតណាម ខែឧសភា ខាងមុខ ក្រុមនីមួយៗអាចដាក់កីឡាករលើសអាយុ៣នាក់។
កាលឆ្នាំ២០១៩ ដែលជាឆ្នាំស៊ីហ្គេមនៅហ្វីលីពីន មានការកំណត់អាយុក្រោម២២ឆ្នាំ និងកីឡាករលើសអាយុមាន២នាក់។ កាលណោះកម្ពុជាបានជ្រើសរើសកីឡាករ កែវ សុខផេង និង រុឹង ប៊ុនហៀង ក្នុងនាមកូតាលើសអាយុ ហើយទទួលបានចំណាត់ថ្នាក់លេខ៤។
ទាក់ទងទៅនឹងការរើសកីឡាករលើសអាយុនេះដែរ លោក ភា សុភ័ក្ត្រា បានបង្ហាញអារម្មណ៍ស្ដាយ ដែលចាន់ វឌ្ឍនាកា មានបញ្ហារបួសដាច់សរសៃដែលទាមទារឲ្យព្យាបាលយូរ។
ជំនួយការលោក Keisuke Honda សង្កត់ធ្ងន់ថា វឌ្ឍនាកា ជាប្រភេទខ្សែប្រយុទ្ធដែលបង្កគ្រោះថ្នាក់ដល់ខ្សែការពារគូប្រជែង។ លោកពិតជាស្ដាយដែលខ្សែប្រយុទ្ធបឹងកេតរូបនេះមានបញ្ហារបួសទៅវិញ។
គួរដឹងដែរថា គិតមកទល់ពេលនេះ ពុំទាន់មានការចាប់ពូលវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេម ២០២២ នៅឡើយទេ៕