
ស៊ូ យ៉ាទី រំឭករឿងចងចាំពេលហាត់ជាមួយគ្រូចាំទីម្នាក់
អ្នកចាំទី ស៊ូ យ៉ាទី រំឭកថា ផ្លែផ្កាពីអាជីពបាល់ទាត់កន្លងមកបានការរួមចំណែកសំខាន់ពីគ្រូបង្វឹកចាំទី លោក សួង ភីរម្យ ដែលធ្លាប់បណ្ដុះបណ្ដាលរូបគេកាលនៅក្លិបក្រសួងការពារជាតិ (បច្ចុប្បន្នសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ) ពីចន្លោះឆ្នាំ២០០៧ដល់២០១៣។
កីឡាករមានកំណើតនៅរាជធានីភ្នំពេញបង្ហើបថា ដំបូងឡើយគេបានចូលរួមជាមួយការពារជាតិតាមការជួយណែនាំពីលោក ភា សុភ័ក្ត្រា និងត្រូវបានបង្ហាត់ដោយផ្ទាល់ពីលោក សួង ភីរម្យ រហូតដល់កើនសមត្ថភាពជាលំដាប់។
អ្នកចាំទីក្លិបណាហ្គាវើលដ៍បច្ចុប្បន្នបញ្ជាក់បែបនេះ “៖ខ្ញុំចេះចាប់បាល់ និងទទួលបានបទពិសោធច្រើនពីគាត់ (លោក សួង ភីរម្យ)។ គាត់ដូចជាឪពុកទីពីររបស់ខ្ញុំ បង្ហាត់ខ្ញុំឲ្យចេះលេងបាល់ ចាប់បាល់។ គាត់ហាត់ខ្លាំងណាស់ អ្នកល្មមៗនៅជាមួយគាត់បានតែមួយអាទិត្យអីរត់ចោលហើយ តែបើទ្រាំបាន ចេញមកដឹងតែល្អ។ ពីមុនមកខ្ញុំមានចេះអី! គាត់អ្នកបង្ហាត់ ផ្ដល់ចំណេះដឹង និងបំពេញចំណុចខ្វះខាតទាំងអស់។”
អតីតសិស្សវិទ្យាល័យវត្តកោះដដែលទម្លាយថា ពេលខ្លះអន់ចិត្តនឹងលោក សួង ភីរម្យ ដែរ ដោយសារការហ្វឹកហាត់ខ្លាំងពេក រហូតចង់បោះបង់ ប៉ុន្តែត្រូវគ្រូចាំទីរូបនេះហៅត្រលប់ទៅហាត់វិញ។ ជាក់ស្ដែង មានថ្ងៃមួយ គេថែមទាំងបានធ្លាក់ខ្លួនឈឺទៀតផង។
យ៉ាទីសង្កត់បន្ថែម “៖រឿងហាត់ជាមួយគាត់ចាំមិនភ្លេចសោះ គឺហាត់ខ្លាំង ដូចពេលមានភ្លៀង អ៊ីចឹង គាត់ដាក់បាល់ពីរកញ្ច្រែង បីកញ្ច្រែង ទាត់ឲ្យលោតពេញបែកភក់ពេញហ្នឹង ដល់ព្រឹកស្អែកឲ្យរត់១៥ជុំ ២០ជុំ ដល់ស្អែកឡើង ឈឺព្យួរសេរ៉ូម គ្រុនពោះវៀន។”
ស៊ូ យ៉ាទី បច្ចុប្បន្នប្រកបអាជីពនៅណាហ្គាវើលដ៍ ខណៈលោក សួង ភីរម្យ បង្ហាត់នៅកងយោធពលខេមរភូមិន្ទដដែល៕