Millwall ត្រៀមរួចរាល់ដើម្បីទិញយកកីឡាកររបស់ Chelsea
(BC-99)
ក្រោយពីត្រូវបានខ្ចីជើងយកទៅលេងឱ្យក្រុមលំដាប់ក្របខណ្ឌក្រោមពេលនេះសមីខ្លួន Luke McCormick របស់តោខៀវ Chelsea ក៏ទំនងជាចង់ចូលរួមជាអចិន្ត្រៃយ៍ជាមួយក្លិបណាមួយនាពេលខាងមុខនេះ។
នេះគឺជាដំណឹងមិនល្អនោះទេសម្រាប់ក្រុមតោខៀវ Chelsea ដែលប្រឈមនឹងការសម្រេចចិត្តដ៏អាក្រក់មួយទាក់ទងនឹងអនាគតរបស់កីឡាករសញ្ជាតិអង់គ្លេស Luke McCormick ។
ខ្សែមបម្រើរូបនេះត្រូវបានខ្ចីទៅចូលរួមជាមួយ Bristol Rovers ដែលឋិតនៅក្របខណ្ឌលំដាប់ទី៣របស់អង់គ្លេស League One ហើយនៅពេលនេះដែរ Millwall ក៏បានសម្លឹងឃើញរូបគេនិងសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងមួយកើតឡើងសម្រាប់ McCormick នៅរដូវក្តៅនេះ។
Millwall កំពុងតែតស៊ូយ៉ាងស្វិតស្វាញក្នុងក្របខណ្ឌបាល់ទាត់អាជីពទី២ League Championship នៅរដូវកាលនេះដែលកំពុងតែឋិតនៅលើលេខរៀងទី១១ក្រោយពីប្រកួតបានចំនួន៣៥សប្តាហ៍កន្លងមក។ យ៉ាងហោចណាស់នៅឆ្នាំក្រោយពួកគេនឹងដាក់អាទិភាពប្រជែងដំណែងឡើងមកកាន់ក្របខណ្ឌកំពូល Premier League តាមរយៈការទិញកីឡាករវ័យក្មេងៗរបស់ក្រុមខ្លាំងៗនិងផ្តាច់កុងត្រាយកកីឡាករមួយចំនួនដែលពួកគេកំពុងតែខ្ចីយកមកលេង។