
Mitrovic ប្រឈមនឹងបម្រាម១០ប្រកួតក្រោយច្រានអាជ្ញាកណ្ដាល
ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ Fulham កំពុងប្រឈមមុខនឹងការពិន័យចំនួន១០ប្រកួត។
ខ្សែប្រយុទ្ធជម្រើសជាតិស៊ែបត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើហឹង្សា បន្ទាប់ពីទទួលបានកាតក្រហមជាប់ៗគ្នាសម្រាប់ការរុញច្រានអាជ្ញាកណ្តាល Chris Kavanagh អំឡុងប្រកួតចាញ់ Manchester United ៣ទល់នឹង១ ក្នុង៨ក្រុម FA Cup កាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា។
អ្នកចាត់ការ Marco Silva ក៏ត្រូវបានចោទប្រកាន់ពីបទបំពានលើមន្ត្រីការប្រកួតផងដែរ។
អ្នកចាត់ការ Fulham លោក Silva ក៏នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវចំពោះការគប់ដបទឹកពេលត្រូវបានជំនួយការអាជ្ញាកណ្តាលណែនាំ។ Fulham ក៏ត្រូវបានចោទប្រកាន់បន្ថែមពីការមិនគ្រប់គ្រងកីឡាកររបស់ខ្លួនផងដែរ។
ជាធម្មតាកីឡាករត្រូវបានព្យួរសម្រាប់ការប្រកួតចំនួន 3 បន្ទាប់ពីទទួលបានកាតក្រហមជាប់ៗគ្នាសម្រាប់ការប្រព្រឹត្តហឹង្សា ប៉ុន្តែការហាមឃាត់នោះអាចត្រូវបានបន្ត អាស្រ័យលើកាលៈទេសៈ៕