Real Madrid ចាញ់មែន តែ Vinicius Jr ធ្វើបានកំណត់ត្រាពិសេសមួយ
Real Madrid ដែលមិនមានកីឡាករជម្រើសដំបូង១០នាក់ពាក់ព័ន្ធនឹងករណីកូវីដ១៩ ត្រូវបាន Shakhtar Donetsk នាំមុខដល់ទៅ០ទល់នឹង៣ក្នុងវគ្គទីមួយ បើកឆាក UEFA Champions League នៅរាត្រីថ្ងៃពុធ ទី២១ ខែតុលា។
Tete បានបើកការនាំមុខមួយគ្រាប់មុននៅនាទី២៩សម្រាប់ក្រុមធ្វើដំណើរពីប្រទេសអ៊ុយក្រែន មុន Raphael Varane ភ្លាត់បាល់ចូលទីខ្លួនឯង។ Manor Solomon បន្ថែមមួយគ្រាប់ទៀតនៅ Estadio Alfredo Di Stefano មុនចប់វគ្គទីមួយ។
ដល់នាទី៥៤ Luka Modric ទាត់ពីក្រៅប្រអប់អ្នកចាំទី ឲ្យ Real Madrid វាយបកបានមួយគ្រាប់វិញ។
៥នាទីក្រោយមក លោក Zinedine Zidane បានដាក់ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior ចូលជំនួស Luka Jovic បានតែ១៤វិនាទីប៉ុណ្ណោះ ក៏ឆក់បានបាល់ទាត់បញ្ចូលទីគ្រាប់ទីពីរភ្លាមៗតែម្ដង។ ដូច្នេះ យុវជនប្រេស៊ីលរូបនេះក្លាយជាកីឡាករប្ដូរចូលដែលទាត់បញ្ចូលទីលឿនបំផុត។
យ៉ាងណាលទ្ធផលនៅតែ២ទល់នឹង៣រហូតដល់ចប់៩០នាទី។ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ Real Madrid ត្រូវទៅផ្ទះ FC Barcelona សម្រាប់ជំនួប El Clasico នៅ La Liga ក្រោយចាញ់ពីរប្រកួតជាប់ៗគ្នា ពោលពួកគេទើបចាញ់ Cadiz នៅចុងសប្ដាហ៍កន្លងទៅ៕