
ក្រុមកីឡាករ គ្រោងធ្វើបាតុកម្មប្រឆាំងរឿងយក LaLiga ទៅលេងនៅអាមេរិក
ប្រធានសមាគមកីឡាករបាល់ទាត់អេស្ប៉ាញ លោក David Aganzo បានបង្ហើបឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងទៅនឹងការសម្រេចចិត្ត ចំពោះការប្រកាសយក LaLiga ទៅប្រកួតលើទឹកដី សហរដ្ឋអាមេរិក។ ប្រឆាំងដោយសារតែក្រុមកីឡាករយល់ថា ការប្រកាសនេះ ធ្វើឡើងដោយគ្មានការសួរយោបល់ពីពួកគេជាមុនសិន។
លោក Aganzo ៖ «យើងនឹងមិនអនុញ្ញាតឲ្យមានការសម្រេចចិត្តដែលមិនមានការឯកភាពពីមតិភាគច្រើនបានឡើយយ។ LaLiga ធ្វើនេះ គឺបង្ហាញពីកង្វះការគោរពដែលមិនបានសុំយោបល់ពីកីឡាករដែលប៉ះពាល់ដោយផ្ទាល់ពីការសម្រេចចិត្តនេះ»។
នៅពេលសួរអំពីលទ្ធភាពដែលកីឡាករអាចធ្វើកូដកម្ម លោកបានឆ្លើយថា លោកមិនទាន់ចង់ឲ្យរឿងនេះធំ ដល់នោះភ្លាមទេ តែថាពួកលោកអាចនឹងធ្វើអ្វីគ្រប់យ៉ាងប្រសិនបើចំាបាច់។ ប្រធានសមាគមរូបនេះ មានបំណងជួបពិភាក្សាដោយផ្ទាល់ ជាមួយប្រធានគ្រប់គ្រង La liga នៅខែក្រោយដើម្បីពិភាក្សាពីបញ្ហានេះ។
អ្នកគ្រប់គ្រង La Liga បានទទួលស្គាល់ថាលោកនៅមិនទាន់បានពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ឬ ក្រុមប្រឹក្សាកីឡាជាតិនៅឡើយ ប៉ុន្តែ បានបញ្ជាក់ថាលោកនឹង ជួបពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះ។
សូមរម្លឹកជូនថា តាមកិច្ចព្រមព្រៀងរបស់លីក La liga និងក្រុមហ៊ុន Stillitano គេនឹងមានការប្រកួតបាល់ទាត់ជាផ្លូវការរបស់ La liga លើទឹកដីអាមេរិក ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕