ក្លិប បឹងកេត និងខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា សម្រេចចែកផ្លូវគ្នាហើយ !
ថ្ងៃនេះក្លិបបាល់ទាត់ បឹងកេត បានប្រកាសជាផ្លូវការក្នុងការចែកផ្លូវជាមួយខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា បន្ទាប់យុវជនរូបនេះបានមកចូលរួមជាមួយក្លិបបាន២រដូវកាលកន្លងមក នឹងជួយក្លិបឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០២០ កន្លងទៅនេះផងដែរ ។
កាលពីឆ្នាំ ២០១៩ ក្លិប បឹងកេត បានចុះកិច្ចសន្យានាំយកកីឡាករដែលមានដើមកំណើតនៅខេត្តស្វាយរៀងរូបនេះក្នុងវ័យ២០ឆ្នាំ បន្ទាប់ពីរូបគេធ្លាប់ជាអតីតកីឡាករយុវជនជម្រើសខេត្តកំពង់ធំ យុវជនក្រសួងការពារជាតិ ហើយខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់ចូលរួមក្នុងការប្រកួតពានរង្វាន់ សម្ដេចតេជោ ហ៊ុន សែន និងលីគទី២ ។
ការមកដល់ក្លិប បឹងកេត ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា បានបង្ហាញសមត្ថភាពយ៉ាងល្អដោយជួយក្លិបឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៩ ដែលជាពានលើកដំបូងរបស់ក្លិប ហើយរដូវកាល ២០២០ កន្លងទៅនេះ រូបគេក៏បានរួមចំណែក ជួយក្លិបឈ្នះពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជាផងដែរ ។ មិនទាន់មានព័ត៌មានច្បាស់ថា រូបគេនឹងផ្លាស់ទៅកាន់ក្លិបណាមួយនៅឡើយទេ ៕