គួច សុកុម្ភៈ ជាកីឡាករជាប់ជម្រើសជាតិបានយូរជាងគេ
ទោះបីមានវ័យ ៣៤ ឆ្នាំហើយខ្សែបម្រើ គួច សុកុម្ភៈ របស់ក្លិបបាល់ទាត់ណាហ្គាវើល នៅតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទាត់សម្រាប់ការប្រកួតជម្រុះ World Cup ដែលត្រូវប៉ះក្រុម បារ៉ែន នៅថ្ងៃទី ០៣ ខែ មិថុនា ២០២១ នេះនាទឹកដីប្រទេស បារ៉ែន ។
គិតដល់បច្ចុប្បន្ននេះ អតីតកីឡាករ ខេមរាកីឡា និង ភ្នំពេញក្រោន បានជាប់ជម្រើសជាតិរយៈជាង១៥ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ ២០០៦ ក្នុងបេសកកម្មពានរង្វាន់កម្រិតទ្វីបអាស៊ី 2006 AFC Challenge Cup ដែលធ្វើឡើងនៅប្រទេសបង់ក្លាដេស ពីថ្ងៃទី១ ដល់១៦ ខែមេសា។ ប្រកួតដំបូងជាមួយក្រុមម្ចាស់ផ្ទះបង់ក្លាដេស នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្នុងវ័យ១៩ឆ្នាំ កីឡាករ កុម្ភៈ ត្រូវបានគ្រូបង្វឹកជនជាតិកូរ៉េខាងជើង Jo Yong-Chol ជ្រើសរើសចូលលេងពេញម៉ោង ។
គិតចាប់តាំងពីឆ្នាំ ២០០៦ មកម្ចាស់ស្បែកជើងមាសពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០០៧ , ២០០៩ និង ២០១០ លេងអោយជម្រើសជាតិបានចំនួន ៦០ ដងនឹងរកបាន ៧គ្រាប់ អោយក្រុមគោព្រៃ ។
ឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់លោក Honda និងគ្រូបង្វឹកជនជាតិជប៉ុន RYU Hirose កីឡាករ គួច សុកុម្ភៈ ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា ជាមួយសមាជិកផ្សេងៗ ដើម្បី ត្រៀមប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់ក្នុងជុំទី២ នាខែមិថុនា ខាងមុខ ៕