
គ្រូអាហ្វហ្គានីស្ថានប៉ងយកលទ្ធផលល្អពីកម្ពុជាក្រោយចាញ់ផុតផើយ២ប្រកួតដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងប៉ះកម្ពុជាក្នុងការប្រកួតចុងក្រោយប្រចាំពូល D នៃវគ្គជម្រុះ AFC Asian Cup 2023 នៅថ្ងៃអង្គារ ទី១៤ ខែឧសភា។
ក្រុមទាំង២សុទ្ធតែចាញ់ដូចគ្នានៅ២ប្រកួតដំបូង ដូច្នេះត្រូវអស់ឱកាសទៅជុំចុងក្រោយ។
លោក Anoush Dastgir គ្រូបង្គោលក្រុមអាហ្វហ្គានីស្ថានសង្ឃឹមថា ក្រុមរបស់លោកនឹងអាចបញ្ចប់នៅចំណាត់ថ្នាក់លើកម្ពុជា ក្រោយចាញ់២ប្រកួតដំបូងក្នុងពូល ដោយលទ្ធផលប្រផុតប្រផើយ។
“ពិបាកមែន ព្រោះអីយើងមកនេះដើម្បីជម្រុះឲ្យជាប់។ យើងអន់ចិត្តមែន ហើយបរិយាកាសក៏មិនសូវល្អ ក្រោយចាញ់ឥណ្ឌា។ ឥឡូវយើងព្យាយាមរៀបចំឲ្យបានល្អសម្រាប់ការប្រកួតចុងក្រោយ។ យើងនឹងលេងតទល់កម្ពុជាដោយម៉ត់ចត់។ យើងចង់ចាកចេញពីការប្រកួតដោយអារម្មណ៍ល្អ៕”