បាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ២០២៤ ចាប់ផ្ដើមដំណើរការហើយ
ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» រដូវកាល ២០២៤ បានចាប់ផ្ដើមដំណើរការជាផ្លូវការ នៅថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។
ពិធីបើកការប្រកួតដ៏អធិកអធមនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាតំណាងឯកឧត្ដមប្រធាន ហ៊ុន ម៉ានី និងឯកឧត្ដម សាយ សំអាល់ អនុប្រធាន ស.ស.យ.ក ព្រមទាំងវត្តមានថ្នាក់ដឹកនាំ ប្រតិភូ កីឡាករទាំងអស់។
ឯកឧត្តម ស សុខា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំ និងក្រុម និងដៃគូសហការ ដែលបានចូលរួមគាំទ្រ ស្របតាមគោលបំណងនៃកម្មវិធី ដែលផ្ដួចផ្ដើមគំនិតរៀបចំរបស់ ស.ស.យ.ក គឺដើម្បី បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងស្មារតីស្រលាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព។
ឯកឧត្ដមអនុប្រធានក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង តាំងពីរដូវកាលទី១ ឆ្នាំ២០១៣ ដែលកាលនោះមានត្រឹម៩ក្រុមចូលរួម រហូតដល់លើកទី៩ដែលមាននេះដែលមានដល់ទៅ ៣៤ក្រុម។ក្នុងនោះមានក៏ក្រុមថ្មីចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ចំណែកឯកឧត្ដម សុខ សប្បាយណា ប្រធានគណៈកម្មាធិការប្រកួត បានឲ្យដឹងថា ការរៀបចំឆ្នាំនេះកាន់តែស្ដង់ដារជាងមុន ដោយការប្រកួតធ្វើឡើងនៅទីលានស្ដង់ដារ ១១នាក់ ទល់ ១១នាក់ ក្រោមកិច្ចសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ ការប្រកួតបែងចែកជា ៨ពូល ជម្រុះរកក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក ។ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤។
សម្រាប់វគ្គជម្រុះតាមពូល ប្រព្រឹត្តទៅរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅទីលានវិទ្យាល័យបឹងត្របែក។ វគ្គ ១៦ក្រុមចុងក្រោយ រហូតដល់ផ្ដាច់ព្រ័ត្រនឹងរៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។
ជាលទ្ធផលពីការប្រកួតថ្ងៃបើកឆាក ក្រុមការពារតំណែងជើងឯក ក្រសួងសាធារណការ និងដឹកជញ្ជូន ស្មើក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលទ្ធផល ២-២៕