ហ្វូតសាលជម្រើសជាតិកម្ពុជានឹងយកកីឡាករ១៤នាក់ទៅជម្រុះជើងឯកអាស៊ីនៅអ៊ូបេគីស្ថាន
ការហ្វឹកហាត់ចំណោម១៩នាក់ក្នុងបញ្ជីបឋមជម្រើសជាតិហ្វូតសាលកម្ពុជា បានចាប់ផ្ដើមការហ្វឹកហាត់ជុំគ្នានៅរាត្រីថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីលានថ្មីរបស់ក្រុមដោនថោន។
ចំណោមកីឡាករទាំង១៩នាក់ក្នុងបញ្ជីបឋម នឹងមានការជម្រុះមកត្រឹម១៤នាក់សម្រាប់បញ្ជីចុងក្រោយ។
ការប្រកួតជម្រុះ AFC Futsal Asian Cup2024 មានទាំងអស់៣១ក្រុម បែងចែកជា៨ពូល។ ក្រុមលេខ១តាមពូលនីមួយៗ ចំនួន៨ក្រុម បូករួមទាំងក្រុមលេខ២ចំនួន៧ក្រុម សរុប១៥ក្រុមនឹងឡើងទៅកាន់ជុំចុងក្រោយឆ្នាំ២០២៤ ដែលមានម្ចាស់ផ្ទះថៃរង់ចាំជាស្រេច។
ដោយឡែក កម្ពុជា ក្នុងវគ្គជម្រុះនេះ ស្ថិតក្នុងពូល G ដែលមានអ៊ូបេគីស្ថាន, អុីរ៉ាក់ និងម៉ាឡេស៊ី។ កម្ពុជាបើកឆាកជម្រុះ ថ្ងៃទី០៧ ខែតុលា ប៉ះម្ចាស់ផ្ទះអ៊ូបេគីស្ថាន ជួបអុីរ៉ាក់ ថ្ងៃទី០៩ ខែតុលា និងម៉ាឡេស៊ី ថ្ងៃទី១១ ខែតុលា។ ក្រុមកីឡាករកម្ពុជានឹងចាកចេញទៅកាន់ប្រទេសអ៊ូបេគីស្ថាន នៅថ្ងៃទី០៤ ខែតុលា៕