
Pep Guardiola បន្តកុងត្រាដឹកនាំ Man City ៣ឆ្នាំទៀត និងបានប្រាក់ខែជិត ៦០លានផោន
Pep Guardiola បានប្រកាសថា គាត់មានសេចក្តីសប្បាយរីករាយ និងរំភើបចិត្តជាខ្លាំង បន្ទាប់ពីបានចុះហត្ថលេខាថ្មី បន្តកុងត្រាជាមួយក្លឹបម្ចាស់ជើងឯក Manchester City ៣ឆ្នាំទៀត ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៦០លានផោន។
លោក Guardiola ដែលបានដឹកនាំក្រុមមេឃខៀវ ឈ្នះពានរង្វាន់បាល់ទាត់អង់គ្លេស English Premier League រដូវកាលនេះ ជាមួយនឹងកំណត់ត្រា ១០០ពិន្ទុ បានបញ្ជាក់ថា លោកនឹងបន្តនៅជាមួយក្រុមមេឃខៀវរហូតដល់ឆ្នាំ ២០២១។
កន្លងមក អ្នកចាត់ការទូទៅវ័យ ៤៧ឆ្នាំរូបនេះ បានទទួលប្រាក់ខែ ១៥លានផោនក្នុងមួយឆ្នាំពេលលោកទើបតែចុះកុងត្រាមកដឹកនាំក្រុម Man City។ ហើយតាមរយៈការបន្តកុងត្រានេះ លោក Pep Guardiola នឹងក្លាយជាអ្នកចាត់ការ ដែលទទួលបានប្រាក់បៀរវត្សខ្ពស់ជាងគេ ក្នុងក្របខណ្ឌ Premier League និងក្របខណ្ឌបាល់ទាត់នៅអឺរុប។
បន្ទាប់ពីការចុះកុងត្រា លោក Guardiola បានបញ្ជាក់ថា «ខ្ញុំរីករាយនឹងធ្វើការជាមួយកីឡាករនៅទីនេះរាល់ថ្ងៃ ហើយយើងនឹងព្យាយាមធ្វើឲ្យបានល្អបំផុតនៅឆ្នាំបន្ទាប់ទៀត។ ក្នុងនាមជាអ្នកចាត់ការ យើងត្រូវតែមានអារម្មណ៍ល្អជាមួយកីឡាករ ហើយក៏ត្រូវមានអារម្មណ៍ល្អជាមួយខ្លួនឯងដែរ»។ យ៉ាងណាក៏ដោយ លោក Pep បានព្រមានថា លោកអាចនឹងចាកចេញពី Man City បានគ្រប់ពេល ប្រសិនបើមានការបំផ្លិតបំផ្លាញចំពោះក្រុមកីឡាករ ដែលលោកខិតខំកសាងមកជាយូរ និងបានចាត់ទុកដូចជាឆ្អឹងខ្នងដ៏សំខាន់របស់លោកនោះ៕