
Asensio ថា ស្ទើរតែទៅ Barcelona ទៅហើយមុនចូល Real Madrid
Marco Asensio នឹងពាក់អាវពណ៌សសម្រាប់ការប្រកួត Clasico នៅថ្ងៃសៅរ៍ទល់ Barcelona នៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែខ្សែប្រយុទ្ធ Real Madrid រូបនេះធ្លាប់មានឱកាសចូលរួមជាមួយក្រុមអ្នកមានបុណ្យទៅវិញទេកាលពីមុន។
កីឡាករជម្រើសជាតិអេស្ប៉ាញខាងលើនិយាយនៅក្នុងបទសម្ភាសមួយថា “៖ ខ្ញុំអាចលេងឲ្យ Barcelona បាន ប៉ុន្តែ Real Madrid បានបង្ហាញការចាប់អារម្មណ៍ស្ទើរមិនគួរឲ្យជឿសម្រាប់ខ្ញុំដែលខ្ញុំពិបាកឆ្លើយថាទេ។ Barcelona សួរនាំខ្ញុំខ្លាំងដែរពេលខ្ញុំកំពុងឡើងជើងនៅ Mallorca។”
កាលពីនៅ Mallorca មានក្លិបជាច្រើនទៀតបង្ហាញការចាប់អារម្មណ៍លើរូបគេ ប៉ុន្តែ Asensio អះអាងថា ចង់លេងឲ្យ Real Madrid និងចង់បានជោគជ័យនៅក្លិបនេះ។
កីឡាករវ័យ២៤ឆ្នាំបានឆ្លងកាត់ការលំបាកខ្លាំងនៅរដូវកាល២០១៩/២០២០ ដោយសាររបួសជង្គង់។ យ៉ាងណា គេថា នៅពេលនេះមានអារម្មណ៍រឹងមាំឡើងវិញ និងកំពុងឈានទៅស្ថានភាពដ៏អស្ចារ្យមួយ៕