Benzema ប្រើបច្ចេកទេសពិសេសមួយបញ្ជូនបាល់ឲ្យ Casemiro ទាត់ចូលយ៉ាងល្អ
Karim Benzema បានប្រើកែងជើងបញ្ជូនបាល់ថយក្រោយឲ្យមិត្តរួមក្រុម Casemiro ទាត់បញ្ចូលទី Espanyol យ៉ាងល្អក្នុងនាទី៤៥ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា និងជាជ័យជម្នះ០ទល់នឹង១សម្រាប់ Real Madrid ឡើងទៅកាន់កំពូល La Liga។
នេះជាការបញ្ជូនដោយជោគជ័យ៦លើកហើយសម្រាប់ខ្សែប្រយុទ្ធជនជាតិបារាំង Benzema នៅរដូវកាល២០១៩/២០២០។
ក្រុមអធិរាជសរកបាន៧១ពិន្ទុពីការប្រកួត៣២លើក នាំមុខក្រុមការពារតំណែងជើងឯក និងកំពុងលេខពីរ FC Barcelona ចំនួនពីរពិន្ទុ។
ក្នុងការប្រកួតដែលមិនមានអ្នកទស្សនាផ្ទាល់ដដែល ក្រុមម្ចាស់ផ្ទះ Espanyol ដែលទើបបណ្ដេញអ្នកចាត់ការ Abelardo Fernandez កាលចុងសប្ដាហ៍ មានឱកាសច្រើនដែរ តែមិនសម្រេចបំណង ហើយអ្នកចាំទី Thibaut Courtois ក៏សង្គ្រោះសំណាញ់បាន៥លើកទៀតផង។
Real Madrid ត្រូវការជ័យជម្នះ៦លើក ឬឈ្នះ៥ និងស្មើមួយលើកទៀត ដើម្បីឈានទៅក្រសោបតំណែងជើងឯក La Liga ជាលើកទីពីរចាប់តាំងពីឆ្នាំ២០១២។
សម្រាប់លទ្ធផលផ្សេងៗទៀត Levante ឈ្នះ Real Betis ៤-២, Villareal ឈ្នះ ២-០ Valencia និង Granada ចាញ់ Eibar ១ទល់នឹង២។
ដោយឡែក Barcelona នឹងជួប Atletico Madrid នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា៕
ប្រភព ៖ bbc.com