Bamford ធ្វើបានកំណត់ត្រាពិសេសក្រោយហ៊ែតទ្រីកបញ្ចប់ភាពមិនចាញ់របស់ Aston Villa
Patrick Bamford រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង៣លើ Aston Villa ឡើងទៅចំណាត់ថ្នាក់លេខ៣នៅ Premier League នាថ្ងៃសុក្រ ទី២៣ ខែតុលា។
ត្រឹមរយៈពេល១៩នាទីប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធ Chelsea ខាងលើអាចបំប៉ោងសំណាញ់បន្តបន្ទាប់ពីចន្លោះនាទី៥៥ដល់នាទី៧៤។ សមិទ្ធផលនេះមានន័យថា កីឡាករវ័យ២៧ឆ្នាំជាកីឡាករ Leeds ទីពីរស៊ុតបញ្ចូលទី៣ប្រកួតក្រៅដីក្នុងមួយរដូវកាល។ អ្នកធ្វើបានលើកមុន គឺលោក Gordon Hodgson នៅរដូវកាល១៩៣៧/១៩៣៨។
Bamford ក៏ជាកីឡាករទី៥នៅ Premier League ដែលធ្វើបានហ៊ែតទ្រីកនៅ Villa Park។ ៤នាក់មុន គឺ Chris Sutton (១៩៩៧/៩៨), Robbie Fowler (១៩៩៨/១៩៩៩), Gareth Bale (២០១២/២០១៣) និង Sergio Aguero (២០១៨/២០១៩)។
៣គ្រាប់នេះ គឺ Bamford រកបាន៦គ្រាប់ហើយនៅ Premier League ៦ប្រកួតដើមរដូវកាល។ មានតែអតីតកីឡាករ Leeds ម្នាក់គត់ គឺលោក Eric Cantona ធ្វើបានបែបនេះនៅរដូវកាល១៩៩២/១៩៩៣។
បន្ទាប់ពី Mark Viduka និង Harry Kewell គឺ Bamford ជាកីឡាករ Leeds ទីមួយរកបានច្រើនជាងមួយគ្រាប់ក្រៅដីក្នុងមួយប្រកួតនៅ Premier League ចាប់ពីពេលអ្នកទាំងពីរនោះធ្វើបានក្នុងការប្រកួតតទល់ Charlton នៅខែមេសា ឆ្នាំ២០០៣។
Leeds បានឡើងទៅកាន់ចំណាត់ថ្នាក់លេខ៣នៅ Premier League ដែលជាលទ្ធផលល្អលើកដំបូងតាំងពីខែកញ្ញា ឆ្នាំ២០០២។ ក្រុមលោក Bielsa រកបានសរុប១២ក្រោយការប្រកួត៦លើក។ ពីមុនមាន Middlesbrough មួយដែរដែលធ្លាប់ធ្វើបាននៅរដូវកាល១៩៩២/១៩៩៣។
ប្រសិនបើបន្តលេងល្អបែបនេះ Patrick Bamford ទំនងមានលទ្ធភាពឆក់ចំណាប់អារម្មណ៍ពីគ្រូបង្គោលជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួត UEFA Nations League នៅខែវិច្ឆិកា ខាងមុខ៕