ជើងហោះហើររបស់ Man City ទៅ West Ham ត្រូវប្ដូរកន្លែងចុះចតព្រោះមានបញ្ហា
យន្ដហោះដែលត្រូវដឹកក្រុមការងារ និងកីឡាករ Manchester City ពីក្រុងមេនឆេស្ទើរទៅឡុងដ៍ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីតាំងចុះចត ដោយសារមានឧបត្តិហេតុមួយកើតឡើង។
Man City បានហោះទៅក្រុងឡុងដ៍ដើម្បីត្រៀមប្រកួតជាមួយ West Ham United នៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែតុលានេះ។ យ៉ាងណា ការចុះចតត្រូវប្ដូរពី London Airport ទៅ London Stansted ដែលមានចម្ងាយឆ្ងាយពីគ្នា៥០គីឡូម៉ែត្រ។
សារព័ត៌មាន Goal ផ្សាយថា ការប្ដូរនេះដោយសារតែមានបញ្ហាជុំវិញប្រព័ន្ធប្រឆាំងរំលង (anti-skid system)។ តាមពិតទៅបញ្ហានេះមិនធ្ងន់ខ្លាំងទេ តែគ្រាន់តែសមាជិក Man City ទៅដល់សណ្ឋាគារយឺតបន្តិចប៉ុណ្ណោះ។
ក្រុមមេឃខៀវបានធ្វើដំណើរទៅក្រុងឡុងដ៍ដោយគ្មានកីឡាករ៣រូប គឺ Gabriel Jesus, Fernandinho និង Benjamin Mendy ដោយសាររបួស។ Kevin de Bruyne និង Aymeric Laporte បានវិលចូលហ្វឹកហាត់វិញហើយ និងអាចលេងបានក្នុងការប្រកួតនេះ។
ប៉ុន្មានប្រកួតចុងក្រោយនៅដីក្រុមញញួរធំ Man City រកបានដល់ទៅ២២គ្រាប់ និងរបូតតែមួយគ្រាប់ប៉ុណ្ណោះ។ យ៉ាងណា លោក Pep Guardiola និយាយថា មិនអាចប្រហែសឡើយ ព្រោះទោះបីត្រូវបាន Spurs នាំមុខដល់ទៅ៣គ្រាប់ តែ West Ham នៅអាចវាយបកបាន៕