យ៉ើ ម៉ូស្លីម ប្តូរមកលេងការពារស្លាបស្តាំវិញ ព្រោះចង់យកគំរូតាម Dani Alves
ដោយសារតែតម្រូវការក្នុងក្រុមខ្វះខាតតួនាទីខ្សែការពារស្លាបស្តាំ ទើបធ្វើឱ្យខ្សែបម្រើ យ៉ើ ម៉ូស្លីម មកលេងនៅតំបន់ដែលក្លិបត្រូវការនេះ ហើយក៏ចង់លេងដូចកីឡាករលំដាប់ពិភពលោករបស់ប្រទេសប្រេស៊ីល Dani Alves ព្រោះបានសិក្សាពីបុរសចំណាស់នេះបានច្រើន ខណៈលោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹក ភ្នំពេញក្រោន ក៏ពេញចិត្តទម្រង់របស់កីឡាករវ័យក្មេងនេះ នៅប៉ុន្មានប្រកួតរដូវកាលនេះដែរ។
ខ្សែការពារស្តាំវ័យក្មេងរូបនេះបានលើកឡើងថា៖ «នៅក្លិបឥឡូវនេះខ្ញុំកំពុងហ្វឹកហាត់ជាខ្សែការពារស្លាបស្តាំ។ គ្រូបង្វឹកបានដាក់ឲ្យខ្ញុំលេងជាអ្នកការពារស្លាបស្តាំ ហើយដំបូងខ្ញុំពិបាកយល់ពីជំហរនេះណាស់។ ខ្ញុំបានចាប់ផ្តើមមើលកីឡាករបរទេសដែលលេងជំហរនេះដើម្បីរៀនពីពួកគេហើយអនុវត្តនូវអ្វីដែលខ្ញុំបានរៀននៅក្នុងការប្រកួត។ វាមិនងាយស្រួលទេក្នុងការប្តូរជំហរពីខ្សែបំរើ រឺខ្សែប្រយុទ្ធ ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាព។ យើងមានខ្សែបម្រើច្រើននៅក្លិប។
នៅពេលនេះយើងត្រូវការខ្សែការពារខាងស្តាំ ដូច្នេះខ្ញុំត្រូវតែចាប់យកឱកាសនេះ ហើយផ្តល់ឱ្យខ្ញុំទាំងអស់ដើម្បីធ្វើឱ្យគ្រូបង្វឹកចាប់អារម្មណ៍។ ខ្ញុំមិនមានពេលវេលាលេងច្រើនទេប្រសិនបើខ្ញុំលេងជាខ្សែបម្រើ ដូច្នេះវាសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការប្តូរជំហរលេង។ ខ្សែការពារស្តាំមិនមែនជាតួនាទីអចិន្រ្តៃយ៍របស់ខ្ញុំទេ ពីព្រោះខ្ញុំចូលចិត្តខ្សែបម្រើកណ្តាល។ ដូច្នេះនៅពេលដែលពេលវេលាមកដល់ខ្ញុំនឹងត្រលប់ទៅតួនាទីជាខ្សែបម្រើវិញ ព្រោះវាជាទីតាំងដែលខ្ញុំចូលចិត្តបំផុត»។
គួរបញ្ជាក់ផងដែរថា ម្ចាស់អាវលេខ៧ ភ្នំពេញក្រោន បានដើរតួយ៉ាងសំខាន់ក្នុងកំណត់ត្រាការពារដ៏គួរអោយចាប់អារម្មណ៍របស់ក្លិបនៅរដូវកាលនេះដោយសារពួកគេមិនទាន់របូតគ្រាប់បាល់ពីការប្រកួតបើកឆាក ៥លើក នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ពោលគឺឈ្នះ ៤ ដង ស្មើម្តង រកបានគ្រាប់បាល់ ១៧ គ្រាប់ ស្របពេលមិនមានរបូតគ្រាប់បាល់សោះ៕