Kevin De Bruyne ទម្លាយយុទ្ធសាស្រ្ត Pep ប្រាប់កីឡាករ Man City ក្រោយចប់វគ្គទី១ ដើម្បីវាយបកយកឈ្នះ PSG វិញ
កាលពីយប់មិញ Manchester City បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្រោយពីវាយបកយកឈ្នះ Paris Saint Germain ដោយលទ្ធផល២ទល់នឹង១ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ពានរង្វាន់ UEFA Champions League នាទីទឹកដីទីក្រុងប៉ារីស។
ក្នុងជំនួបនាកីឡដ្ឋាន Parc des Prince ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែការពារ Marquinhos នៅវគ្គទី១ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយខ្សែបម្រើ Kevin De Bruyne និង Riyad Mahrez នៅវគ្គទី២វិញ។
ក្រោយបញ្ចប់ការប្រកួតម្ចាស់ពានរង្វាន់កីឡាករល្អប្រចាំការប្រកួត Kevin De Bruyne បានបង្ហើបពីតាកតិចរបស់គ្រូបង្វឹក Pep Guardiola នៅក្នុងវគ្គទី១ថា៖ “នៅម៉ោងសម្រាក១៥នាទី គាត់បានប្រាប់យើងថាឱ្យព្យាយាមគ្រប់គ្រងបាល់ឱ្យបានច្រើនជាងនេះនៅក្នុងវគ្គទី២ ព្រោះ៤៥នាទីដំបូងយើងលេងសម្រុកៗដោយប្រញាប់ខ្លាំងពេក។ អញ្ចឹងហើយនៅវគ្គទី២គាត់ឱ្យយើងគ្រប់គ្រងបាល់ឱ្យបានច្រើន ហើយលេងសហការគ្នាជាក្រុម ដោយទីបំផុតយើងធ្វើបានមែន ហើយយើងទទួលបានលទ្ធផលដ៏ល្អជាមួយក្រុមដ៏ខ្លាំង”។
គួរឱ្យដឹងថា ការប្រកួតជើងទី២កំណត់រកអ្នកឡើងទៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នារដូវកាលនេះរវាងក្រុមមហាសេដ្ឋីអារ៉ាប់ទាំង២នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា នាកីឡដ្ឋាន Etihad ក្នងទីក្រុង Manchester វិញម្តង។