
ក្លឹបបាល់ទាត់ធំ២ ត្រៀមដណ្តើមយក Lewandowski ពីក្រុម Bayern Munich
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ 29 ឆ្នាំបានបញ្ជាក់ប្រាប់ក្លឹប Bayern Munich ថាគាត់ចង់ចាកចេញពីក្រុម ស្របពេលដែលតោខៀវហើយនិងអធិរាជស ត្រៀមរួចជាស្រេចដើម្បីដណ្តើមយកកីឡាកររូបនេះ។ ក្រុមជើងឯកក្របខ័ណ្ឌ Bundesliga មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករស៊ុតបញ្ចូលទីច្រើនរបស់ពួកគេដែលមានរយៈពេល 3 ឆ្នាំលើកិច្ចសន្យារបស់គេ។
ប៉ុន្តែនៅក្នុងរូបភាពមួយដែលថតបានដោយ SunSport កីឡាករLewandowski ទំនងជាកំពុងពិចារណាអនាគតរបស់ខ្លួនដោយជួបភ្នាក់ងារZahavi នៅឯផ្ទះ ក្នុងទីក្រុង Munich ។
គេបានដឹងថាភ្នាក់ងារអ៊ីស្រាអែលវ័យ 74 ឆ្នាំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្លឹបតោខៀវ Chelsea ហើយត្រូវបានគេគិតថាស្ថិតនៅពីក្រោយការផ្លាស់ប្តូរកីឡាករពីក្លឹប Paris Saint-Germain ចំនួន 198 លានផោនរបស់ Neymar ។