កីឡាករចំបាប់កម្ពុជា ស៊ូ បាលី អស់ឱកាសប្រជែងកៅអីអូឡាំពិក ២០២៤
កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានអស់ឱកាសប្រជែងកៅអីព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ ហើយប្រកួតចាញ់កីឡាកររុស្ស៊ី Abdulla Kurbanov ដោយពិន្ទុ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងការប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ី ប៉ុន្តែនេះជាការបោះជំហានថ្មីមួយរបស់ប្រភេទកីឡាចំបាប់កម្ពុជាជាលើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។
លោក Casey Barnnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលដឹកនាំកីឡាករ ស៊ូ បាលី ប្រកួតជើងឯកពិភពលោក នៅប្រទេសស៊ែប៊ីគូសបញ្ជាក់ថា កីឡាករ ស៊ូ បាលី បានប្រកួតចាញ់ការប្រកួតដំបូងជាមួយកីឡាករហ្ស៊កហ្ស៊ី Geno Petriashvili ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន និងបន្តចាញ់ការប្រកួតកីឡាកររុស្ស៊ី។
ថ្នាក់ដឹកនាំដដែលបានបន្តថា នេះជាលើកដំបូងសម្រាប់កម្ពុជាដែលបានចូលរួមប្រកួតជើងឯកពិភពលោក ហើយយើងបានប្រយុទ្ធយ៉ាងល្អ ដោយដណ្តើមបានពិន្ទុខ្លះជាមួយនឹងម្ចាស់ជើងឯកពិភពលោក។ លោកបន្ដថា វាជាបទពិសោធន៍ដ៏ល្អ ហើយតាមរយៈការប្រកួតនេះនឹងជួយអត្តពលិកកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែម ឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣៕