
Lisandro ខ្សែការពាររបស់ Man Utd៖ យើងមិនអស់ចិត្តសម្រាប់បរាជ័យដោយ Arsenal
(BC-99)
ខ្សែការពារ Lisandro Martinez របស់ក្រុម Manchester United ជឿជាក់ថា ពួកគេដូចជាខ្វះការខិតខំដែលជាហេតុធ្វើឱ្យ Arsenal យកឈ្នះបានហើយថាក្រុមទាំងមូលត្រូវតែលេងឱ្យបានខ្លាំងជាងនេះ។
ក្រុមបិសាចក្រហម Manchester United បានរបូតគ្រាប់បាល់នៅចុងម៉ោងដែលនាំឱ្យពួកគេរងបរាជ័យចុងក្រោយក្រោមថ្វីជើងក្រុមកំពូលតារាង Arsenal ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យនេះ។ការប្រកួតនៅលើកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំបានយកឈ្នះដោយលទ្ធផល 3-2 ដែលជាការឈ្នះទាំងប្រផិតប្រផើយហើយស៊ុតបញ្ចូលទីដោយកីឡាករ Eddie Nketiah នៅនាទីទី 90។
ក្រោយពីបញ្ចប់ការប្រកួត ខ្សែការពារសញ្ជាតិ អាហ្សង់ទីនរបស់បិសាចក្រហម Martinez បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ MUTV ថា ៖ ” ប្រាកដណាស់យើងពិតជាខកចិត្ត ។ យើងចង់ឈ្នះការប្រកួត ប៉ុន្តែយើងធ្វើមិនបាន ហើយយើងខកចិត្តយ៉ាងខ្លាំង។ បើទោះយើងខ្លាំងនៅតង់ទី 2 តែយើងគ្មានសំណាង។ យើងត្រូវតែរឹងមាំ ហើយយើងត្រូវរៀនផងដែរពីគ្រប់បទពិសោធន៍។ វាមិនអាចកើតឡើងម្តងទៀតទេ ប្រាកដណាស់ វាមិនអាចកើតឡើងទៀតទេ។ យើងត្រូវតែផ្តោតខ្លាំងលើការប្រកួត យើងត្រូវតែឈ្នះសម្រាប់ការប្រកួតលើកក្រោយ”។