
គ្រូបឹងកេតថាព្រមទទួលកំហុស ប៉ុន្តែសូមឲ្យអ្នកដាក់ពិន័យគោរពតាមបទបព្ជាារហូតផង
កាលពីថ្ងៃទី២៦ខែកក្កដា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្ដីសម្រេចចុះហត្ថលេខាដោយលោក អេង ពៅទិត្យ ពិន័យលោក សុជាតិ មិនឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់នានាដែលរៀបចំដោយ ស.ប.ក រយៈពេលមួយខែ និងពិន័យជាប្រាក់៥សែនរៀល។
គ្រូបង្វឹកខាងលើបានទទួលយកការចោទប្រកាន់ខាងលើ ដោយលោក ហៅ សុជាតិ បានសរសេរនៅលើបណ្ដាញសង្គមដូច្នេះថា៖ “តាំងពីធ្វើជាគ្រូបាល់ទាត់មកទើបតែជួបការពិន័យដ៏ល្អមួយដែលខ្ញុំមិននឹកស្មានថាដល់ថ្នាក់នឹងសោះ ពីព្រោះការពិន័យមិនដូចការដែលអ្នកប្រព្រឹត្តពីមុនៗសោះ តែខ្ញុំនៅតែព្រមទទួលតែក៏សូមដល់អ្នកដាក់ពិន័យសូមឱ្យគោរពតាមបទបព្ជានឹងរហូតផង កុំពិន័យតាមការនឹកឃើញរបស់អ្នកអី”។
គួររំលឹកថា គណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានពិន័យលើ គ្រូបង្វឹក ហៅ សុជាតិ ពីបទប្រើឥរិយាបទមិនសមរម្យដាក់មន្ត្រីការប្រកួត គឺរុញ ព្រមទាំងប្រើសម្ដីមិនសមរម្យដាក់មន្ត្រីការប្រកួតជាមួយក្រុមសូលទីឡូអង្គរកន្លងទៅ។
រូបភាព៖ Boeung Ket Football Club