ក្រោយរបួសកជើងនៅសហរដ្ឋអាមេរិក Mahrez ទំនងជាទាន់ពេល Man City ប៉ះ Chelsea នៅថ្ងៃអាទិត្យនេះ
ក្រោយពីរងរបួសកជើងអំឡុងការប្រកួតពានមិត្តភាព ICC 2018 ទល់នឹង Bayern Munich នៅសហរដ្ឋអាមេរិក ខ្សែបម្រើស្លាប Riyad Mahrez របស់ Manchester City អាចជាពេញលេញទាន់ការប្រកួតពានរង្វាន់បើករដូវកាល Community Shield ទល់នឹង Chelsea នៅថ្ងៃអាទិត្យសប្តាហ៍នេះ។
Mahrez បានពាក់ប្រដាប់ការពារនឹងកាន់ឈើច្រត់ពេលត្រលប់មកដល់ទឹកដីអង់គ្លេសវិញ ប៉ុន្តែក្រុមរហស្សនាមមេឃខៀវបានប្រកាសថា រូបគេអាចត្រលប់មកហ្វឹកហាត់វិញបាននៅក្នុងសប្ដាហ៍នេះ ដ្បិតស្គែនបានបង្ហាញថាមិនមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ ដោយឡែកខ្សែបម្រើចំណូលថ្មីតម្លៃ៦០លានផោន អាចត្រូវបានជ្រើសរើសឱ្យចូលលេងទល់នឹង Chelsea ចុងសប្ដាហ៍នេះទៀតថែមទៀតផង។
គួររំលឹកថា អតីតសមាជិក Leicester City ត្រូវបានប្ដូរចេញនៅវគ្គទី១ក្នុងជំនួបដែល Man City ឈ្នះ Bayern ៣ទល់នឹង២ នៅ Miami បន្ទាប់ពីរងការជែងបាល់ពីកីឡាករវ័យក្មេង Chris Richards។