Arteta ថា ចាញ់ Crystal Palace ព្រោះ Arsenal លេងមិនសូវល្អ
អ្នកចាត់ការ Arsenal លោក Mikel Arteta បានសូមអភ័យទោសចំពោះបរាជ័យក្រោមថ្វីជើង Crystal Palace ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួត Premier League និងទទួលស្គាល់ធ្វើមិនសូវល្អប៉ុន្មានទេ។
ក្រុមកាំភ្លើងរំពឹងថា នឹងអាចឈរក្នុងតំបន់ Top 4 មុនការប្រកួតនេះ តែផ្ទុយទៅវិញគ្រាប់បាល់ពី Jean-Philippe Mateta, Jordan Ayew និង Wilfried Zaha បានធ្វើឲ្យក្រុមលោក Arteta នៅទ្រឹងក្នុងលេខ៥។
លោក Arteta និយាយបែបនេះ “៖វាជាពេលដែលត្រូវទទួលយកការរិះគន់ និងលើកដៃសូមអភ័យទោស ព្រោះការលេងវាមិនសូវល្អគ្រប់គ្រាន់។ យើងមិនសូវប្រជែងខ្លាំង លេងដូចមិនសូវហ៊ាន។”
លេងបាន២៩ប្រកួត Arsenal មាន៥៤ពិន្ទុស្មើ នៅលេខ៥ ស្មើក្រុមលេខ៤ Tottenham Hotspur ដែលលេងលើសមួយប្រកួត។
ចំណែក Crystal Palace វិញ ឈ្នះក្នុងដីលើកដំបូងនៅឆ្នាំ២០២២ និងរុញពួកគេទៅលេខ៩មាន៣៧ពិន្ទុ ពីការប្រកួត៣០លើក៕