ថ្នាក់ដឹកនាំបឹងកេតលម្អិតពីការរៀបចំចុងភៅផ្ទាល់ខ្លួន
បឹងកេត គឺជាក្លិបបាល់ទាត់អាជីពដំបូងគេនៅកម្ពុជាដែលបាននាំយកចុងភៅផ្ទាល់ខ្លួនទៅកាន់ការប្រកួតក្រៅផ្ទះពេលត្រៀមជួបព្រះខ័នរាជស្វាយរៀង នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា នេះនាកីឡដ្ឋានខេត្តស្វាយរៀង។
អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតបញ្ជាក់ថា ការរៀបចំឲ្យមានចុងភៅផ្ទាល់ខ្លួនសម្រាប់ក្រុមនេះដើម្បីបង្កលក្ខណៈងាយស្រួលដល់កីឡាករ និងក្រុមការងារ។ យ៉ាងណា អ្នកស្រីសង្កត់ធ្ងន់ថា នេះគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ និងអាស្រ័យលើខេត្ត ឬទីតាំងដែលត្រូវទៅ។
ថ្នាក់ដឹកនាំដដែលរៀបរាប់លម្អិត “៖កន្លងមកយើងសង្កេតឃើញថា ពេលយើងទៅខេត្តខ្លះ ម្ហូបអត់សូវដូចនៅភ្នំពេញ ហើយក៏ជួយក្រុមការងារ និងកីឡាករយើងផង។ យើងមើលដែរខេត្តខ្លះ បើស្រួលហូប យើងក៏មិនបាច់នាំទៅដែរ។ នេះជាជំហានដំបូងសិន បើនៅក្រៅប្រទេស យើងអត់ទាន់ដឹងថា យើងនឹងធ្វើអត់ទេ។”
គួរដឹងដែរថា បឹងកេតក៏ជាក្លិបដំបូងគេនៅក្របខណ្ឌ Metfone Cambodian League ដែលធ្វើដំណើរតាមយន្ដហោះពេលត្រូវទៅប្រកួតនៅខេត្តសៀមរាបម្ដងៗ។
គួរបញ្ជាក់ថា បឹងកេត បច្ចុប្បន្នមាន២៩ពិន្ទុពីការប្រកួត១១លើកនៅ MCL ពីក្រោយក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងចំនួនពីរពិន្ទុ។ គិតត្រឹមប្រកួតកន្លងទៅ ក្រុមទាំងពីរក៏មិនទាន់ទទួលបរាជ័យដូចគ្នា៕