គ្រូអេហ្ស៊ីបចង់ឲ្យប្ដូរថ្ងៃប្រកួតផ្ដាច់ព្រ័ត្រជើងឯកអាហ្វ្រិក
គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប លោក Diaa al-Sayed ចង់ឲ្យកាលបរិច្ឆេទប្រកួតផ្ដាច់ព្រ័ត្រជើងឯកអាហ្វ្រិក រំកិលទៅមុខមួយថ្ងៃ ពោលទៅថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ជំនួសថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ វិញ ដូច្នេះកូនក្រុមអាចមានពេលសម្រាកបន្ថែម។
“ខ្ញុំបាននិយាយទៅគណៈកម្មការហើយរឿងហ្នឹង។ ខាងសេណេហ្គាល់ គេបានសម្រាកច្រើនជាងយើង។” នេះជាការថ្លែងរបស់លោក Al-Sayed។
ក្រុមអេហ្ស៊ីបបានយកឈ្នះបួគីណាហ្វាសូ ដោយបាល់១១ម៉ែត្រកាត់សេចក្ដី ៣ទល់នឹង១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រតទល់សេណេហ្គាល់ ដែលអាចនិយាយបានថា Mohamed Salah នឹងប៉ះគ្នាជាមួយ Sadio Mane។
គេចាំបានថា កាលឆ្នាំ២០១៩ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយ។
ដោយឡែក ប្រសិនបើមានការរុញថ្ងៃទៅមុខមែន ក៏នឹងធ្វើឲ្យត្រលប់ទៅក្លិបវិញ នឹងយឺតយ៉ាវដូចគ្នា៕