
Aubameyang៖ ជីតាខ្ញុំជាអ្នកគាំទ្រ AT Madrid ហើយខ្ញុំចង់លេងឱ្យ Real Madrid
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហាញខ្លួនជាសមាជិក FC Barcelona ជាផ្លូវការកាលពីម្សិលមិញ ក្រោយសម្រេចការផ្លាស់ពី Arsenal ដោយមិនមានតម្លៃខ្លួន។
អតីតសមាជិក Borussia Dortmund បានជ្រើសរើសយកអាវលេខ២៥សម្រាប់ផ្លាស់មកកាន់ទឹកដី Camp Nou នៅខែមករានេះ ខណៈរូបគេមានតម្លៃខ្លួនផ្តាច់កុងត្រា១០០លានអឺរ៉ូ។
ថ្លែងក្នុងឱកាសបង្ហាញខ្លួនជាលើដំបូង បុរសវ័យ៣២ឆ្នាំបាននិយាយថា៖ “ជាការពិតខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានផ្លាស់មកទីនេះ ព្រោះវាគឺជាក្តីសុបិន្តរបស់ខ្ញុំ។ ជាការពិតជីតារបស់ខ្ញុំគឺជាអ្នកគាំទ្រ Atletico Madrid អញ្ចឹងហើយបានជាខ្ញុំចង់លេងឱ្យ Real Madrid វិញដើម្បីឱ្យគាត់បានឃើញ ប៉ុន្តែឥឡូវនេះខ្ញុំមក Barcelona ហើយ អញ្ចឹងខ្ញុំគិតថាគាត់នឹងសប្បាយចិត្តនៅខាងលើ។”
យោងតាមរបាយការណ៍របស់អេស្ប៉ាញបានចុះផ្សាយថា ក្រុមកាំភ្លើងធំ Arsenal នៅតែបន្តរ៉ាបរ៉ងថ្លៃនឿយហត់ប្រចាំខែឱ្យកីឡាករសញ្ជាតិហ្គាប៉ុងរូបនេះជំនួស FC Barcelona រហូតដល់ដំណាច់រដូវកាលនេះ។