
Messi ថៃ នឹងផ្លាស់ទៅក្រុមជើងឯកលីគកំពូលជប៉ុន
តារាឆ្នើមថៃ Chanathip Songkrasin នឹងទៅចូលរួមជាមួយក្រុមជើងឯកលីគកំពូលជប៉ុន Kawasaki Frontale។
បើតាមសារព័ត៌មាន Sponichi ឲ្យដឹងថា Kawasaki Frontale បានព្រមព្រៀងជាមួយ Chanathip រួចរាល់ហើយ ហើយអាចផ្លាស់ទៅក្រុមជើងឯកលីគកំពូលជប៉ុន ទោះនៅសល់កុងត្រាជាមួយ Consadole Sapporo។
សម្រាប់លក្ខខណ្ឌ ក៏រួចរាល់ហើយដែរទាំងថ្លៃផ្ទេរ ដែលត្រូវបានព្រមព្រៀងដោយភាគីទី៣។
សារព័ត៌មានជប៉ុនរាយការណ៍ថា Kawasaki ត្រូវការកីឡាករល្អៗដើម្បីឈានទៅយកជើងឯក J-League 1 ជាលើកទី៣ជាប់ៗគ្នា និងស្វែងរកតំណែងជើងឯក AFC Champions League។ ក្លិបនឹងប្រកាសពីការមកដល់របស់ Messi J នាពេលឆាប់ៗខាងមុខ។
Chanathip ផ្លាស់ទៅ Consadole Sapporo កាលឆ្នាំ២០១៨ លើលក្ខខណ្ឌខ្ចីពី Muangthong United មុនផ្ទេរផ្ដាច់នៅឆ្នាំបន្ទាប់លើតម្លៃខ្លួន១លាន៦សែនអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុតនាពេលនោះ។ ប្រភពពីជប៉ុនរាយការណ៍ថា តម្លៃផ្ទេររបស់គេទៅ Kawasaki អាចដល់៣លាន៥សែនអឺរ៉ូ ដែលជាថ្លៃផ្ទេរខ្ពស់បំផុតនៅ J-League៕