Roy Keane ថា បើ Man UTD លេងដូចប៉ះ Wolves អ៊ីចឹង CR7 មុខជាសុំចេញវិញមិនខាន
អតីតប្រធានក្រុម Manchester United លោក Roy Keane បានរិះគន់ចំៗគុណផលរបស់អតីតក្រុមខ្លួនក្នុងការប្រកួតតទល់ Wolverhampton នៃក្របខណ្ឌ Premier League សប្ដាហ៍ទី៣។
អ្នកវិភាគរូបនេះត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន Metro ថា “កីឡាករលេងអត់អស់ពីដៃពីជើងទេ។ មើលទៅដូចក្រុមបាយបានកំពុងលេង លេងម្ខាង៥នាក់។ បើ Ronaldo ឃើញក្រុមលេងអ៊ីចឹងៗអី ប្រាកដជាហែកកុងត្រាចោលមិនខានទេ។”
Wolverhampton សម្រុកយ៉ាងខ្លាំងទៅលើបិសាចក្រហម ក្នុងវគ្គទី១។ Roy Keane និយាយថា តំបន់បម្រើរបស់ Man UTD ធ្វើការមិនសូវបានល្អដែលឲ្យ Adama Traore បានបាល់ច្រើន។ កុំតែបាន David De Gea និងការពារ Man UTD សង្គ្រោះច្រើន កុំអីរបូតយ៉ាងតិច២គ្រាប់ក្នុងវគ្គទី១។
ជាសំណាងល្អ Mason Greenwood បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះក្នុងនាទី៨០ឲ្យ Man UTD បន្ទាប់ពីមានការ assist ដោយ Raphael Varane៕