Legend របស់សេះបង្កង់ Juventus កីឡាករ Claudio Marchisio បានប្រកាសលាងជើងចូលនិវត្តន៍ហើយ
២៥ឆ្នាំជាមួយសេះបង្កង់ Juventus ជារយៈពេលមួយពព្រិចភ្នែកប៉ុន្តែសំបូរទៅដោយអនុស្សាវរីយ៍សំរាប់កីឡាករ Claudio Marchisio ក្នុងអាជីពបាល់ទាត់របស់គេ។
ចាប់ផ្តើមប៉ះបាល់ផ្លូវការក្នុងទីលានកាលពីឆ្នាំ ១៩៩៣ ក្នុងនាមជាឈុតយុវជនរបស់ Juventus រហូតដល់ឆ្នាំ ២០០៥ ទើបអភិវឌ្ឍន៏ក្លាយជាកីឡាករឈុតធំលេងក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។
ការចងចាំល្អៗកើតឡើងនៅពេលនោះ ពេលដែល Marchisio ធ្វើអោយសុបិន្តរបស់ខ្លួនក្លាយជាការពិតតាមរយៈការបង្ហាញខ្លួន ៣៨៩ប្រកួតនិងស៊ុតបញ្ចូលទីបាន ៣៧គ្រាប់អោយសេះបង្កង់ក្នុងទំរង់បំរើកណ្តាលការពារ។ សមទ្ធិផលសំខាន់ៗក្នុងគ្រានោះជាមួយ Juventus ដែលគ្មានអ្វីប្រៀបបានគឺ ជើងឯក Serie A ៧រដូវកាលជាប់គ្នារាប់ចាប់ពីឆ្នាំ ២០១១ដល់២០១៨ និង Copa Italia ៤ឆ្នាំជាប់គ្នា ពីឆ្នាំ ២០១៤ដល់២០១៨ រួមជាមួយគ្រាកំសត់ពេលធ្លាក់ទៅ Serie B ហើយក្លាយជាក្រុមជើងឯកនៅឆ្នាំ ២០០៧។
ឥឡូវនេះជាពេលវេលាលាគ្នាសំរាប់ Claudio Marchisio ជាមួយនិងក្លឹបក៏ដូចជាប្រិយមិត្តរបស់គេក្នុងអាជីពជាកីឡាករបាល់ទាត់ ក្រោយពីកីឡាករវ័យ ៣៣ឆ្នាំបានប្រកាសលាងជើងចូលនិវត្តន៏ពីប្រភេទកីឡាដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។
តាំងពីចាប់អាជីពជាកីឡាករបាល់ទាត់មក ខ្សែបំរើជនជាតិអ៊ីតាលីរូបនេះលេងតែអោយតែ៣ក្លឹបប៉ុណ្ណោះគឺ Juventus (២០០៥-២០១៨) Empoli (ខ្ចីជើង ២០០៦-២០០៧) និងចុងក្រោយ Zenit SP (២០១៨-២០១៩) ហើយធ្លាប់បង្ហាញខ្លួនក្នុងឈុតជំរើសជាតិ Azzurri ៥៥ប្រកួត ស៊ុតចូល៥គ្រាប់៕