ទេស សម្បត្តិ ផ្លាស់ទៅវិសាខា
ខ្សែការពារ ទេស សម្បត្តិ បានចូលរួមជាមួយវិសាខា ហើយ ប៉ុន្មានម៉ោងបន្ទាប់ពីមានការប្រកាសចាកចេញពីបឹងកេត។ ខ្សែការពារប្រធានក្រុមបាល់ទាត់ បឹងកេត បានផ្លាស់ទៅចូលរួមជាមួយក្លិប វិសាខា ជាផ្លូវការ បន្ទាប់ពីបានប្រកាសកាលពីម្សិលមិញ ។
ការមកដល់ក្លិប វិសាខា របស់អតីតយុវជនសាលាបាល់ទាត់បាទី រូបនេះគឺត្រូវមកពង្រឹងតំបន់ការពារកណ្តាលរបស់ក្លិប វិសាខា សម្រាប់ត្រៀមការប្រកួតលីគកំពូលជើងជុំទី២ និងការការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ ។
យុវជនខេត្តកំពង់ស្ពឺ រូបនេះនឹងពាក់អាវលេខ៦ ជំនួសកន្លែងខ្សែការពារ ង៊យ ស្រ៊ីន ដែលផ្លាស់ទៅក្លិប ព្រៃវែង ក្នុងលក្ខខណ្ឌខ្ចីជើង ។
សូមបញ្ជាក់ថា ទេស សម្បត្តិ បានចូលរួមជាមួយក្លិបបាល់ទាត់ បឹងកេត កាលពីឆ្នំា ២០១៨ ក្រោយបញ្ចប់ការហ្វឹកហាត់នៅសាលាបាល់ទាត់បាទី នឹងធ្លាប់ជួយ បឹងកេត ឈ្នះពានរង្វាន់ លីគកំពូលឆ្នាំ ២០២០ ផងដែរ ។
កីឡាករវ័យ២១ឆ្នាំក្លាយជាកីឡាករថ្មីទី៣របស់វិសាខា បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Christian Alex និងខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jae-gun ៕