ច្បាស់ហើយ! គ្រូ Leipzig នឹងចូល Bayern ជំនួស Hansi Flick
FC Bayern Munich បានប្រកាសជាផ្លូវការថា លោក Julian Nagelsmann នឹងចូលធ្វើជាគ្រូបង្គោលរបស់ខ្លួនជំនួសលោក Hansi Flick ដែលនឹងចាកចេញនាដំណាច់រដូវកាល២០២០/២០២១នេះ។
ក្រុមជោគជ័យជាងគេនៅអាល្លឺម៉ង់បញ្ជាក់ថា RB Leipzig បានយល់ព្រមសំណើរបស់ខ្លួន ហើយអនុញ្ញាតឲ្យគ្រូបង្វឹកវ័យ៣៣ឆ្នាំចាកចេញជាថ្នូរនឹងសំណងខ្ទង់៣០លានអឺរ៉ូ។
បុរសជនជាតិអាល្លឺម៉ង់នឹងចូលធ្វើការនៅកីឡដ្ឋាន Allianz Arena ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅលើកិច្ចសន្យា៥ឆ្នាំ។
គួរដឹងដែរថា លោក Julian Nagelsmann ចាប់ផ្ដើមការងារជាអ្នកចាត់ការក្នុងឆ្នាំ២០១៦នៅ Hoffenheim ដល់ឆ្នាំ២០១៩ ក៏ផ្លាស់ទៅដឹកនាំ RB Leipzig និងបាននាំក្រុមនេះឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ឆ្នាំ២០២០។
ដោយឡែក លោក Hansi Flick ដែលត្រូវបានដំឡើងជាអ្នកចាត់ការ Bayern Munich ជំនួសលោក Niko Kovac កាលខែវិច្ឆិកា ឆ្នាំ២០១៩ និងឈ្នះពានទាំងតូចទាំងធំចំនួន៦គ្រឿងផងនោះ បានសម្រេចចិត្តឈប់មុនកិច្ចសន្យាដល់ទៅ២ឆ្នាំ។ គេរំពឹងថា អតីតគ្រូជំនួយអាល្លឺម៉ង់ឈ្នះ World Cup 2014 នឹងចូលធ្វើគ្រូធំជម្រើសជាតិជំនួសលោក Joachim Low៕