BBC ផ្សាយថា Messi តកុងត្រាថ្មីដល់២០២៦ តែបន្ថយប្រាក់ឈ្នួលពាក់កណ្ដាល
សារព័ត៌មាន BBC ចុះផ្សាយថា Lionel Messi បានយល់ព្រមរួមរស់នៅ FC Barcelona ដល់ឆ្នាំ២០២៦ តែក្នុងកុងត្រាថ្មីចែងថា ប្រាក់ខែរបស់គេត្រូវបានកាត់ពាក់កណ្ដាល។
កុងត្រាចាស់ដែលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនទទួលបាន១២៣លានផោនក្នុងមួយរដូវកាលនោះ បានអស់សុពលភាពកាលថ្ងៃទី៣០ ខែមិថុនា។
ការបន្តកិច្ចសន្យាជាមួយ Messi គឺជាគោលដៅសំខាន់មួយរបស់ប្រធានក្លិប Joan Laporta។ ក្រុមរហស្សនាមអ្នកមានបុណ្យក៏សម្លឹងទៅរកការដោះដូរមួយដោយឲ្យ Antoine Griezmann ទៅ Atletico Madrid ហើយយក Saul Niguez ទៅ Camp Nou ដែលនេះជាផែនការបន្ថយចំណាយ។
កីឡាករមួយចំនួនដូចជា Junior Firpo, Jean-Clair Todibo និង Carles Alena ត្រូវបានវ៉ៃចេញហើយ ហើយកីឡាករគ្រាក់ៗខ្លះក្នុងក្រុមក៏ទំនងមិននៅដែរ ដើម្បីគ្រប់គ្រងផែនការសន្សំសំចៃ។
Messi ត្រូវបានភ្ជាប់ទៅនឹងការចូលរួមជាមួយ Paris Saint Germain និង Manchester City ក៏ដូចជាទៅក្របខណ្ឌ Major League Soccer របស់អាមេរិក។
ចាប់តាំងពីចូលក្រុមធំ Barcelona ឆ្នាំ២០០៤មក កីឡាករវ័យ៣៤ឆ្នាំរូបនេះរកបាន៦៧២គ្រាប់ និងរួមចំណែកឈ្នះ La Liga ១០ដង, Champions League ៤, Copa Del Rey ៧ដង និងពានឯកត្តជន Ballon d’Or ៦ដង៕