ឥណ្ឌូនេស៊ីឆ្លងផុតវគ្គ play-off AFC Asian Cup 2023 មុនកម្ពុជាហើយ
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានយកឈ្នះឆាយនីសតៃប៉ិ ០ទល់នឹង៣ ក្នុងការប្រកួតជើងទី២ វគ្គ play-off ពានរង្វាន់ AFC Asian Cup 2023 នៅថ្ងៃចន្ទ ទី១១ ខែតុលា។
ក្រោយជ្រុះចេញពីវគ្គជម្រុះ FIFA World Cup 2022 ជុំទី២ ឥណ្ឌូនេស៊ី មានកៅអីក្នុងវគ្គ play-off ពានរង្វាន់ AFC Asian Cup 2023 ត្រូវប៉ះឆាយនីសតៃប៉ិ ខណៈកម្ពុជាជួបកោះហ្គាំ។ ជំនួបរវាងឥណ្ឌូនេស៊ី និងឆាយនីសតៃប៉ិ ធ្វើឡើងនៅកីឡដ្ឋាន Buriram ប្រទេសថៃ។ ជើងទី១ ឥណ្ឌូនេស៊ី ឈ្នះ២ទល់នឹង១ ហើយសរុបទាំង២ជើង ឈ្នះឆាយនីសតៃប៉ិ ៥ទល់នឹង១។
ដូច្នេះឥណ្ឌូនេស៊ី គឺជាជម្រើសជាតិមកពីអាស៊ីអាគ្នេយ៍ទី៦ដែលមានកៅអីក្នុងវគ្គជម្រុះ AFC Asian Cup 2023 ជុំទី៣ បន្ទាប់ពីហ្វីលីពីន, សិង្ហបុរី, ម៉ាឡេស៊ី, ថៃ និងមីយ៉ាន់ម៉ា។ កម្ពុជាអាចនឹងក្លាយជាប្រទេសទី៧ ប្រសិនបើឈ្នះ ឬស្មើកោះហ្គាំយប់នេះ។ កាលជើងទី១ ថ្ងៃទី០៩ ខែតុលា កម្ពុជាបានឈ្នះកោះហ្គាំ ០ទល់នឹង១៕