ចប់ជម្រុះ World Cup ក្រុមជម្រើសជាតិកម្ពុជា ត្រូវលេង Asian Cup វគ្គ Play Off
យោងតាមរូបមន្តថ្មីក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា នឹងត្រូវប៉ះក្រុមជម្រើស កោះហ្គាម រឺ ឆាយនីសតៃប៊ិ ក្នុងកម្មវិធីជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup China ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសម្រេចចិត្តកែប្រែរូបមន្តប្រកួតថ្មី នៅក្នុងកម្មវិធីជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup China ដើម្បីអោយសមស្របទៅនឹងបញ្ហាកូវីត១៩ ។
សម្រាប់រូបមន្តប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបវគ្គជម្រុះមាន កម្ពុជា, ឥណ្ឌូណេស៊ី, កោះហ្គាម និង ឆាយនីសតៃប៊ិ ។
ក្រុមកម្ពុជា និងឥណ្ឌូណេស៊ី ស្ថិតនៅក្រុមទី១ ហើយកោះហ្គាម និងតៃវ៉ាន់ ស្ថិតនៅក្រុមទ២ ។ ដូច្នេះកម្ពុជា អាចជួបកោះហ្គាម ឬ តៃវ៉ាន់។ ក្រុមទី១ និង ២ ត្រូវចាប់ឆ្នោតជ្រើសរើសគូនៅថ្ងៃទី២៤ខែមិថុនា ហើយការប្រកួតធ្វើឡើងជើងទី១ នៅថ្ងៃទី៧ ខែ កញ្ញា និង ជើងទី២ធ្វើឡើងនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១។ អ្នកឈ្នះ២ក្រុមមានឈ្មោះឡើងទៅលេងនៅវគ្គចែកពូលជុំទី២ ក្នុងពាន Asian Cup ។
ការធ្លាក់មកលេង Play off កម្មវិធីជម្រុះជើងឯកប្រចាំទ្វីប 2023 AFC Asian Cup China នេះ បន្ទាប់ពីក្រុម គោព្រៃ ស្ថិតនៅបាតតារាងក្នុងពូល C វគ្គជម្រុះព្រឹត្តិការណ៍ World Cup Qatar 2022 ដែលទើបប្រកួតចប់តាមពូលនីមួយៗ ៕