វៀតណាម ជាក្រុមអាស៊ានតែមួយគត់ និងជាប្រវត្តិសាស្ត្រ របស់គេដែលឡើងជុំទី៣ World Cup
ក្រុមជម្រើសជាតិបាល់ទាត់ វៀតណាម បានក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ បន្ទាប់ពីការប្រកួតក្នុងពូលកាលពីយប់មិញបានបញ្ចប់ ។
ការប្រកួតកាលពីយប់មិញនេះក្នុងពូល G ក្រុមជម្រើសជាតិវៀតណាមបានប្រកួតក្រោយចាញ់ ម្ចាស់ផ្ទះ អេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ៣ទល់នឹង២ ប៉ុន្តែទោះចាញ់ក៏ក្រុម វៀតណាម បានឡើងទៅជុំទី៣បានដែរ ក្នុងនាមជាក្រុមលេខ២ល្អក្នុងពូល ។ ឆ្លងកាត់ការប្រកួតក្នុងពូលក្រុមរបស់លោក Park Hang-seo លេង ៨ ប្រកួត ឈ្នះ ៥ ស្មើ ២ និងចាញ់តែ១ប្រកួតតែប៉ុណ្ណោះ ។
តំបន់អាស៊ីក្រុមដែលឡើងទៅជុំទី៣រួមមាន ៖ ស៊ីរី, អូស្ត្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអូឌីត, កាតា, ជប៉ុន, អេមីរ៉ាតអារ៉ាប់រួម និងកូរ៉េខាងត្បូង។
ចំណែកក្រុមលេខ២ល្អទាំង៥ មាន ៖ ចិន, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់ ។ សម្រាប់ការចាប់ឆ្នោតចែកពូលវគ្គជម្រុះជុំទី៣ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែកក្កដា និងប្រកួតទី១ គឺថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ៕