អ៊ីតាលីបង្កើតកំណត់ត្រាឈ្នះ១០ប្រកួតជាប់គ្នាដោយមិនរបូតគ្រាប់បាល់សោះ
អ៊ីតាលី គឺជាក្រុមដំបូងគេដែលបានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Euro 2020 ក្រោយផ្ដួលស្វីស ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពូល A។
ក្រុមលោក Roberto Mancini បានឈ្នះ៣ទល់នឹង០លើទួរគីដែរកាលថ្ងៃបើកឆាកនៅក្រុងរ៉ូម។ ខ្សែបម្រើ Manuel Locatelli រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទី២៦ និង៥២ ហើយ Ciro Immobile របស់ Lazio ក៏ទាត់ពីចម្ងាយបន្ថែមគ្រាប់ទី៣ក្នុងនាទី៨៩។
សម្រាប់ក្រុមស្វីសវិញពិបាកសំរុកក្រុមជើងឯកពិភពលោក២០០៦ខ្ ដោយសារកំពែងដ៏រឹងមាំ។ នេះជាលើកទី១០ជាប់គ្នាហើយដែលអ៊ីតាលីទទួលបានជ័យជម្នះ ហើយអ្វីកាន់តែពិសេសទៅទៀតនោះ គឺពួកគេមិនរបូតគ្រាប់បាល់ទាល់តែសោះក្នុងចំណោម១០ប្រកួតនេះ។
សរុបការប្រកួត២លើកប្រចាំពូល A អ៊ីតាលីមាន៦ពិន្ទុពេញ ខណៈវេលស៍មាន៤ពិន្ទុក្រោយឈ្នះទួរគី ឈរលេខ២ក្រោមអ៊ីតាលី២ពិន្ទុ។ ស្វីសនៅលេខ៣មាន១ពិន្ទុ។ ចំណែកទួរគីមិនទាន់មានពិន្ទុទេ តែនៅសល់សង្ឃឹមតិចតួច បើពួកគេឈ្នះប្រកួតចុងក្រោយ នៅចាំអ៊ុតក្នុងចំណោមក្រុមលេខ៣ល្អ។
ដោយឡែកក្នុងការប្រកួតមួយគូប្រចាំពូល B រុស្ស៊ី បានយកឈ្នះហ្វាំងឡង់ ១ទល់នឹង០៕