ផ្ដួលទួរគីថ្ងៃបើកឆាកហើយ គ្រូអ៊ីតាលីដាក់គោលដៅឈ្នះ៦ប្រកួតទៀតដើម្បីលើកពាន EURO
ក្រោយឈ្នះទួរគី៣ទល់នឹង០ក្នុងថ្ងៃបើកឆាកនៅថ្ងៃសុក្រ ទី១១ ខែមិថុនា លោក Roberto Mancini គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីទទូចថា ក្រុមរបស់លោកត្រូវឈ្នះ៦ប្រកួតដែលនៅសល់ដើម្បីឈានទៅក្រសោបតំណែងជើងឯកទ្វីបអឺរ៉ុប UEFA EURO 2020។ លោកថា ពេលវេលានៅសល់វែងឆ្ងាយទៀត។
ទាក់ទងនឹងការប្រកួតយប់មិញវិញ អតីតអ្នកចាត់ការ Manchester City ថ្លែងថា ក្រុមរបស់លោកបានបង្កើតល្បឿនបាល់ទើបអាចស្វែងរកគ្រាប់ជាបន្តបន្ទាប់។
“អ៊ីតាលីលេងយ៉ាងល្អ ទោះអត់រកគ្រាប់បាល់បានក្នុងវគ្គទី១។ វាមិនមែនជារឿងងាយស្រួលទេ ព្រោះទួរគីខ្លាំងដែរ។ តែយ៉ាងណា យើងទទួលបានអ្វីដែលចង់បាន ដោយសារតែមានការគាំទ្រពីទស្សនិកជន និងការលេងដ៏ល្អលើទីលាន។ យើងបានបង្កើនល្បឿនបាល់ ទើបអាចរកគ្រាប់បាល់បាន។ ខ្ញុំសង្ឃឹមថា យើងនឹងអាចធ្វើបានដូចបែបនេះទៀត។ ផ្លូវនៅសល់វែងឆ្ងាយទៀត។ សល់៦ប្រកួតទៀតដែលយើងត្រូវឆ្លងកាត់ដើម្បីឆ្ពោះទៅរកតំណែងជើងឯកនៅ Wembley។” នេះជាការលម្អិតពីលោក Roberto Mancini។
ក្រោមការដឹកនាំពីគ្រូបង្គោល Roberto Mancini ក្រុមជម្រើសជាតិអ៊ីតាលីកំពុងស្ថិតលើវិថីដ៏ល្អមួយ។ អតីតអ្នកចាត់ការ Inter Milan និង Galatasaray ត្រូវបានតែងតាំងជាគ្រូបង្គោលអ៊ីតាលី កាលឆ្នាំ២០១៨ ដែលកាលណោះក្រុមជើងឯកពិភពលោក២០០៦មិនបានទៅលេង World Cup នៅរុស្ស៊ីទេ។ ប៉ុន្តែដល់បច្ចុប្បន្ននេះ ពួកគេមិនចាញ់សោះក្នុងចំណោម២៨ប្រកួត និងរក្សាសំណាញ់មិនរបូតសោះ៩ប្រកួតជាប់ៗគ្នា។
អ៊ីតាលីត្រូវបន្តជួបស្វីស ថ្ងៃទី១៦ ខែមិថុនា និងវេលស៍ ថ្ងៃទី២០ ខែមិថុនា៕