គ្រូម៉ាឡេស៊ីជួបរឿងសោកសៅ ឪពុកស្លាប់មុនចាញ់វៀតណាម ហើយធ្លាក់ជម្រុះ World Cup ទៀត
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីបានប្រកួតចាញ់វៀតណាម១ទល់នឹង២ ក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំពូល G នៅថ្ងៃសុក្រ ទី១១ ខែមិថុនា។
អ្វីគួរឲ្យសោកសៅមុនការប្រកួតនោះ គឺលោក Tan Cheng Hoe ដែលជាគ្រូបង្គោលម៉ាឡេស៊ី បានទទួលដំណឹងពីការចែកឋានរបស់ឪពុកលោក ក្នុងជន្មាយុ៩៥ឆ្នាំ។
បរាជ័យក្រោមថ្វីជើងវៀតណាម មានន័យថា ម៉ាឡេស៊ីត្រូវអស់ឱកាសប្រជែងកៅអីទៅកាន់វគ្គជម្រុះជុំទី៣ជាបន្តហើយ។ ៧ប្រកួតកន្លងមក ម៉ាឡេស៊ីមាន៩ពិន្ទុ រអិលទៅកាន់លេខ៤ ស្មើក្រុមថៃ តែថៃឈរលេខ៣។
ចំណែកវៀតណាមបន្តឈរកំពូលតារាង ដោយមាន១៧ពិន្ទុ លើក្រុមលេខ២ អារ៉ាប់រួម ២ពិន្ទុ និងមិនទាន់ចាញ់ទេពីការប្រកួត៧លើក។ វៀតណាម និងអារ៉ាប់រួម ត្រូវប៉ះគ្នានៅថ្ងៃជម្រុះចុងក្រោយ ថ្ងៃទី១៥ ខែមិថុនា។
វៀតណាមត្រូវការតែស្មើប៉ុណ្ណោះដើម្បីកៅអីឆ្លងចូលជុំទី៣ ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ២ ត្រូវផ្ទៀងពិន្ទុជាមួយក្រុមលេខ២ពូលផ្សេងៗដើម្បីយកតំណែង លេខ២ល្អជាងគេ៕