ក្រោយស៊ី Man City លោក Solskjaer ថា មិនបោះបង់ក្ដីសង្ឃឹមប្រជែងជើងឯក
លោក Ole Gunnar Solskjaer អះអាងមិនបោះបង់ក្ដីសង្ឃឹមក្នុងការប្រជែងជើងឯក Premier League ទេ ក្រោយដឹកនាំ Manchester United ឈ្នះ Manchester City ០ទល់នឹង២ នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា។
គ្រាប់បាល់ពី Bruno Fernandes និង Luke Shaw បានបញ្ចប់ជ័យជម្នះ២១លើកជាប់គ្នារបស់ក្រុមលោក Pep Guardiola និងជាបរាជ័យលើកដំបូងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមបិសាចក្រហមនៅដេញតាមពីក្រោយក្រុមមេឃខៀវ១១ពិន្ទុ។ យ៉ាងណា លោក Solsjaer ទទូចថា ក្រុមរបស់លោកមិនទាន់លេីកទង់ជ័យសនៅឡើយទេ។
អ្នកចាត់ការ Man UTD ថ្លែងបែបនេះ “៖យើងផ្ដោតពង្រឹងខ្លួនឲ្យប្រសើរ។ ប្រៀបដូចជាការរត់ម៉ារ៉ាតុនអ៊ីចឹង។ វាជារដូវកាលប្រកួតប្រជែងខ្លាំង អ៊ីចឹងយើងត្រូវតែបន្ត។ ខ្ញុំមានអារម្មណ៍ថា ប្រសើរជាង១៨ខែមុន។”
Man City បន្តឈរកំពូលតារាងមាន៦៥ពិន្ទុដដែល ពីលើក្រុមលេខ២ Man UTD ដែលមាន៥៤ពិន្ទុ៕